បឹងកេត ឬ​អង្គរ​ថាយ​ហ្គឺរ​បាន ៣ពិន្ទុ​រសៀល​នេះ?

(ភ្នំពេញ)៖ ក្លឹបបឹងកេតអែហ្វស៊ី នឹងត្រូវបើកទ្វារផ្ទះរបស់ខ្លួន ដើម្បីទទួលក្លឹបអង្គរថាយហ្គឺរ នាវេលាម៉ោង ៣៖៣០នាទីរសៀលនេះ នៅកីឡដ្ឋានខេមបូឌា អ៊ែរវ៉េ ក្នុងសប្ដាហ៍ទី១៦ នៃលីគកំពូលកម្ពុជា។ ចាំមើល តើបឹងកេត ឬអង្គរថាយហ្គឺរ នឹងប្រជែងបាន ៣ពិន្ទុពីការប្រកួតដ៏កក្រើកនេះ?

កាលពីជើងទី១ ក្រុមទាំងពីរបានបញ្ចប់ការប្រកួត ៩០នាទី ដោយលទ្ធផលស្មើគ្នា ១-១។ តែបើក្រឡេកទៅមើល ប្រវត្តិធ្លាប់ជួបគ្នាវិញ តាំងពីឆ្នាំ២០១៥ អង្គរថាយហ្គឺរ មិនធ្លាប់ឈ្នះបឹងកេតម្ដងឡើយ ពោលគឺបានត្រឹមស្មើម្ដងគត់ កាលពីឆ្នាំ២០១៨។ ប៉ុន្ដែបច្ចុប្បន្ន អង្គរថាយហ្គឺរ បានវិវត្តន៍ខ្លួនគួរឲ្យភ្ញាក់ផ្អើល ដែលបង្កក្ដីបារម្ភដល់ក្លឹបធំៗ ជាច្រើនរួមទាំងបឹងកេតផងដែរ។

លោក ហៅ សុជាតិ គ្រូបង្វឹកបឹងកេតបានលើកឡើងថា ក្រុមរបស់លោកបានត្រៀមខ្លួនរួចរាល់ ដើម្បីបើកទ្វារផ្ទះ ទទួលអង្គរថាយហ្គឺរ ជាមួយការប្រឹងប្រែងយ៉ាងខ្លាំងរបស់កីឡាករ តែលោកក៏មិនមើលស្រាល ឬធ្វេសប្រហែស ចំពោះអង្គរថាយហ្គឺរដែរ។ លោកថា «យើងមិនមើលស្រាលពួកគេទេ ព្រោះយើងដឹងថា អង្គរថាយហ្គឺរឆ្នាំនេះ មិនមែនអង្គរថាយហ្គឺរពីមុនទេ ព្រោះពួកគេរៀបចំក្រុមបានល្អមែនទែន»

បច្ចុប្បន្នអង្គរថាយហ្គឺរ កំពុងឈរលេខរៀងទី៣ និងមាន ៣៣ពិន្ទុជាមួយលទ្ធផល ១៥ប្រកួត ឈ្នះ១០ ស្មើ៣ និងចាញ់ ២ លើក្រុមបឹងកេត ដែលកំពុងឈរលេខ៥ និងមាន ៣០ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១៥ប្រកួតស្មើគ្នា ឈ្នះ៩ ស្មើ៣ និងចាញ់ ៣ដង។ ក្រៅពីជំនួបជក់ចិត្តរវាងក្រុមទាំងពីរ ថ្ងៃនេះក៏មាន ២គូផ្សេងទៀតដែរ គឺក្រុមសូល ទីឡូអង្គរ បើកទ្វារផ្ទះទទួលក្រុមអាស៊ីអឺរ៉ុប និងក្រុមអគ្គិសនីកម្ពុជា ប៉ះក្រុមម្ចាស់ផ្ទះយុវជនសាលាបាល់ទាត់ ជាតិបាទី U18៕

You might also like More from author