ប្រធាន​ប៉េតង់​ពិភពលោក មក​កម្ពុជា​ពិនិត្យ​ការងារ​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ជើងឯក​ពិភពលោក​ជាថ្មី

(ភ្នំពេញ)៖ លោក Claude Azema ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក នៅរសៀលថ្ងៃទី២៣ ខែកក្កដានេះ បាន ធ្វើដំណើរទស្សនកិច្ចមកដល់កម្ពុជា ដោយសុវត្ថិភាព ដើម្បីពិនិត្យការងារ និងបណ្ដុះបណ្ដាលមន្ដ្រីបច្ចេក ទេសរបស់ កម្ពុជា ក្នុងការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក នាខែវិច្ឆិកាខាងមុខ។

សម្រាប់ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកីឡាប៉េតង់ពិភពលោកនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ខណៈលោក Claude Azema នឹងបំពេញ បេសកកម្មរយៈ ពេល ១សប្ដាហ៍នៅកម្ពុជា ចាប់ពីថ្ងៃទី២៧-២៩ ខែកក្កដា ដើម្បីពិនិត្យហេដ្ឋារចនាសម្ព័ន្ធដូចជា ទីលាន កន្លែងស្នាក់នៅ និងមានបើកវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសមួយផងដែរ។

នេះគឺជាលើកទី៣ ហើយដែលលោក Claude Azema បានធ្វើដំណើរមកប្រទេសកម្ពុជា ក្រោយសហព័ន្ធកីឡា ប៉េតង់ពិភពលោក បានផ្ដល់សិទ្ធិឲ្យកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតកីឡាប៉េតង់ពិភពលោក ឆ្នាំ២០១៩ នាខែវិច្ឆិកាខាងមុខ ដ្បិតកន្លងមក លោកធ្លាប់ធ្វើដំណើរទស្សនកិច្ច និងបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រម កម្ពុជា ២លើកមកហើយ ដើម្បីត្រៀមទទួលការប្រកួតជើងឯកពិភពលោកជាប្រវត្តិសាស្ដ្រនេះ។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរយៈពេល ១សប្ដាហ៍នេះ ក្រៅពីពិនិត្យ និងពង្រឹងលើការបច្ចេកទេសមួយ ចំនួន លោក Claude Azema ក៏គ្រោងនឹងជួបសម្ដែងការគួរសមជាមួយលោកបណ្ឌិតសភាចារ្យ ហង្សជួន ណារ៉ុន រដ្ឋមន្ដ្រីអប់រំ យុវជន និងកីឡា ក៏ដូចជាលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសិក្សាបន្ថែមលើគម្រោងអភិវឌ្ឍន៍កីឡាប៉េតង់កម្ពុជា ក្រៅពីជជែករឿងធ្វើម្ចាស់ផ្ទះជើងឯកពិភពលោក ផងដែរ៕

You might also like More from author