កីឡាករ ចាន់ វឌ្ឍនាកា ស្ថិត​ក្នុង​កំណត់​ត្រា​រក​គ្រាប់​បាល់​បាន ៥ប្រកួត​ជាប់​គ្នា

(ភ្នំពេញ)៖ ក្រោយការត្រឡប់មកចូលរួមជាមួយបឹងកេតវិញនៅពាក់កណ្តាលរដូវកាល ឆ្នាំ២០១៩ នេះ កីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា រកគ្រាប់បាល់ឱ្យក្លឹបគ្រប់ការប្រកួតក្នុងការបង្ហាញខ្លួនទាំងក្នុងក្របខណ្ឌ លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន លើកទី១៣។

ការត្រឡប់មកប្រកួតជើងទី២ ទល់នឹងខេត្តសៀមរាប ក្នុងវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់មសម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន គឺជាអតីតកីឡាករស្បែកជើងមាស ២រដូវកាលជាប់គ្នា (រដូវកាលឆ្នាំ២០១៥ និងឆ្នាំ២០១៦) រូបនេះ រកបាន ១គ្រាប់បន្ថែមទៀត និងជួយឱ្យបឹងកេតឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។
សម្រាប់កំណត់ត្រាដ៏ល្អនៃកាត្រឡប់មកវិញ ហើយអាចរកគ្រាប់បាល់គ្រប់ប្រកួតម្ចាស់អាវលេខ ១១រូបនេះ បានបង្ហាញអារម្មណ៍ថា «ខ្ញុំរីករាយនឹងរកគ្រាប់បាល់ឱ្យក្រុម ប៉ុន្តែពេលនេះខ្ញុំចង់ឱ្យក្រុមឈ្នះច្រើនជាង ព្រោះបច្ចុប្បន្នយើងកំពុងត្រូវការពិន្ទុជាចាំបាច់បំផុត»

គួរដឹងបន្ថែមថា នៅក្នុងការប្រកួតដំបូងនៃការបង្ហាញខ្លួនរបស់ វឌ្ឍនាកា គឺស៊ុតចូលទីក្រុមខេត្តសៀមរាប ៣គ្រាប់ (Hat-trick) ដែលបឹងកេត ឈ្នះ ៥-០ ក្នុងជើងទី១ ខណៈដែលបន្ទាប់មករូបគេបន្តរកគ្រាប់បាល់ក្នុងប្រកួត សប្តាហ៍ទី១៤ ទល់នឹងក្លឹបភ្នំពេញក្រោន ២គ្រាប់ម្នាក់ឯងក្នុងជំនួបស្មើគ្នា ៤-៤។

អ្វីដែលសំខាន់ផងនោះ នៅក្នុងការប្រកួតលីគសប្តាហ៍ទី១៥ និងសប្តាហ៍ទី១៦ វឌ្ឍនាកា រកបាន ២គ្រាប់បន្ថែមទៀត ដោយក្នុងនោះ ជួយឱ្យបឹងកេត ឈ្នះអគ្គិសនីកម្ពុជា ៤-០ និងស្មើជាមួយអង្គរថាយហ្គឺរ ១-១ កាលពីសប្តាហ៍មុន៕

You might also like More from author