រឿង សោភ័ណ្ឌ ព្រមានលាឈប់ពីប្រដាល់​ បើសហព័ន្ធ​មិនដោះស្រាយ​រឿងអយុត្តិធម៌​នៅ Sea-TV​

- Advertisement -

(ភ្នំពេញ)៖ ដោយមិនសុខចិត្តនឹងការផ្ដល់ពិន្ទុឲ្យចាញ់កីឡាករថៃ Keng Kat ក្នុងជំនួបដណ្ដើមខ្សែក្រវាត់លើសង្វៀនអាស៊ីអាគ្នេយ៍ (Sea-TV) កាលពីល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ អ្នកលេងកណ្ដាប់ដៃ រឿង សោភ័ណ្ឌ បានកើតទុក្ខមិនសុខចិត្តចំពោះលទ្ធផលនេះឡើយ ហើយថែមទាំងបង្ហោះវីដេអូលើ Facebook ផ្ទាល់ខ្លួនក្រោយចប់ការប្រកួត ដោយព្រមានលាឈប់ពីអាជីពជាអ្នកប្រដាល់ ប្រសិនបើសហព័ន្ធកីឡាប្រដាល់កម្ពុជា មិនដោះស្រាយរឿងអយុត្ដិធម៌ខាងលើដល់ខ្លួនទៀតផង។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ រឿង សោភ័ណ្ឌ សិស្សគុនមកពីក្លឹបម្ដុដរាជសីហ៍ បានប្រកួតជាមួយកីឡាករថៃ Keng Kat ដើម្បីសន្សំពិន្ទុឆ្ពោះទៅដណ្ដើមខ្សែក្រវាត់១ លើសង្វៀន Sea-TV ជាមួយនឹងការទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកទស្សនាទៀតផង។ ការប្រកួតនេះគេឃើញ សោភ័ណ្ឌ បានព្យាយាមដើរចូល និងប្រើកណ្ដាប់ដៃច្រើន ដោយសារគូប្រកួតមានកម្ពស់ខ្ពស់ជាង ខណៈ Keng Kat ក៏មានឱកាសប្រើជង្គង់របស់គេដែរ។

ប៉ុន្ដែលទ្ធផលក្រោយបញ្ចប់ការប្រកួត ៥ទឹកពេញ ចៅក្រមបានផ្ដល់ពិន្ទុឲ្យកីឡាករ Keng Kat ឈ្នះកីឡាករ រឿង សោភ័ណ្ឌ ដោយពិន្ទុ។ ការផ្ដល់ពិន្ទុនេះត្រូវបាន រឿង សោភ័ណ្ឌ ចាត់ទុកជារឿងអយុត្ដិធម៌បំផុតសម្រាប់ខ្លួន និងស្នើឲ្យសហព័ន្ធជួយរកការពិតជូនខ្លួន បើមិនដូច្នោះទេ គេនឹងលាឈប់ពីប្រដាល់ទៅធ្វើស្រែក៏ព្រមដែរ។ នេះជាការលើកឡើងតាមវីដេអូបង្ហោះលើ Facebook ផ្ទាល់របស់សោភ័ណ្ឌ ដែលអមដោយអ្នកគាំទ្រជាច្រើននាក់ផងដែរនោះ។

ទន្ទឹមជាមួយការសម្ដែងការមិនពេញចិត្ត ពីសំណាក់អ្នកប្រដាល់ជើងខ្លាំងកម្ពុជារូបនេះ គេមិនទាន់ឃើញប្រធានគណៈកម្មការរៀបចំការប្រកួត ឬចៅក្រមកាត់សេចក្ដី ក៏ដូចជាមន្ដ្រីសហព័ន្ធ ចេញមុខមកដោះស្រាយនៅឡើយទេ។ ប៉ុន្ដែបើតាម Comment របស់អ្នកគាំទ្រភាគច្រើន ដែលបានទស្សនាការប្រកួតនេះ ក៏ចាត់ទុកជារឿងអយុត្ដិធម៌ សម្រាប់អ្នកប្រដាល់កម្ពស់ទាបចិត្តធំ រឿង សោភ័ណ្ឌ ផងដែរ។ ជាងនេះទៅទៀត មានអ្នកខ្លះបានជំរុញឲ្យ សោភ័ណ្ឌ ឈប់ប្រដាល់នៅសង្វៀន Sea-TV ទៀតផង ព្រោះពួកគេយល់ថា ការផ្ដល់ពិន្ទុមិនយុត្តិធម៌ឡើយ៕

សូមស្ដាប់សំដី រឿង សោភ័ណ្ឌ និងទស្សនាការប្រកួតឡើងវិញ ដូចខាងក្រោម៖

You might also like More from author