មេ​កីឡា​ប្រដាល់​កម្ពុជា-ថៃ ចុះ MOU បង្កើត​ព្រឹត្តិ​ការណ៍​​​ប្រដាល់​អន្ដរ​ជាតិ​​ឆ្នាំ​ក្រោយ​

(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់កម្ពុជា បានសម្រេចចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយក្រុមសម្ព័ន្ធមិត្ត ប្រដាល់ថៃ និងក្រុមហ៊ុន Bridge Marketing Services.Co Ltd ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាប្រដាល់ជើងឯកអន្ដរជាតិដ៏ធំមួយ ដែលមានឈ្មោះថា ព្រឹត្តិការណ៍ R-1 One Round Knockout ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសថៃ អំឡុងខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ។

ពិធីចុះអនុស្សារណៈយោគយល់គ្នានេះ បានធ្វើឡើងក្រោមវត្តមានលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា និងលោក Tunwakom Tippayachan ដែលជាប្រធានក្រុមសម្ព័ន្ធមិត្តប្រដាល់ថៃ។ លោក តែម ម៉ឺន បានមានប្រសាសន៍ថា នេះជាជំហានដំបូង ដែលថ្នាក់ដឹកនាំកីឡាប្រដាល់ប្រទេសទាំងពីរ សហការបង្កើតព្រឹត្តិការណ៍អន្ដរជាតិរួមគ្នា និងជំរុញវិស័យកីឡាប្រដាល់កម្ពុជាឲ្យកាន់តែរីកចម្រើន។ ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាដដែលបន្ដថា ការប្រកួតនឹងបែងចែកជា ២ប្រភេទគឺការប្រកួតកម្រិតអាជីពដែលត្រូវជ្រើសរើសកីឡាករកម្រិត A-B និងមានទម្ងន់ ១៤០ផោនឲ្យចូលរួមប្រកួត។

រីឯមួយប្រភេទទៀត គឺការប្រកួតប្រភេទអាយុចាប់ពី ៣៦ឆ្នាំ ដល់ ៤០ឆ្នាំ និងអាយុពី ៤១ឆ្នាំ ដល់ ៤៥ឆ្នាំ ដែលព្រឹត្តិការណ៍ទាំងនេះនឹងរៀបចំរាល់១ឆ្នាំម្ដង ហើយក្រៅពីកីឡាករកម្ពុជា-ថៃ ក៏មានកីឡាករមកពីបណ្ដាប្រទេសក្នុងតំបន់ជាច្រើនទៀតចូលរួមផងដែរ។ ជាមួយគ្នានោះលោក ហង្ស សូរិយា អគ្គនាយកក្រុមហ៊ុន Bridge Marketing Services.Co Ltd ដែលចូលរួមឧបត្ថម្ភដល់ព្រឹត្តិការណ៍ខាងលើបានលើកឡើងថា ដោយសារគោលបំណងសំខាន់ ៤ចំណុច ទើបលោកសម្រេចចូលរួមជាមួយការប្រកួតនេះ ទី១-គឺពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាមិត្ត នៅក្នុងសហគមន៍អាស៊ានឱ្យកាន់តែជិតស្និទ្ធ និងសាមគ្គីគ្នាជាប្រជាជាតិតែមួយ ដើម្បីការរីកចម្រើនខាងវិស័យសេដ្ឋកិច្ច និងសុខសន្តិភាព នៅក្នុងប្រជាជាតិអាស៊ានទាំងមូល។ ទី២-ជួយដល់កីឡាករប្រដាល់វ័យក្មេងជំនាន់ក្រោយ ដោយផ្តល់ឱកាសដល់ពួកគេបានមកបង្ហាញសមត្ថភាពនៅលើសង្វៀនប្រដាល់ខ្នាតអន្តរជាតិ ដើម្បីបានដណ្តើមជើងឯក និងប្រាក់រង្វាន់។

ទី៣-ជួយលើកស្ទួយដល់កីឡាករប្រដាល់ចាស់ៗ តាមរយៈការផ្ដល់ឱកាសសមត្ថភាពសាជាថ្មី និងទី៤-គឺជួយលើកស្ទួយវិស័យកីឡាប្រដាល់ខ្មែរ និងកីឡាករទាំងអស់ នៅលើឆាកអន្តរជាតិ ដើម្បីឱ្យមានការរីកចម្រើនទាំងសមត្ថភាព កិត្តិយស និងជីវភាពរស់នៅរបស់កីឡាករ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើ គឺមានសុពលភាពរយៈពេល ៣ឆ្នាំ ហើយប្រសិនបើមានវិវាទថ្នាក់ដឹកនាំ និងក្រុមហ៊ុនឧបត្ថម្ភ នឹងធ្វើការដោះស្រាយរួមគ្នា តែបើសិនគ្មានដំណោះស្រាយទេនោះ កិច្ចព្រមព្រៀងនោះនឹងអស់សុពលភាពភ្លាម។ ប៉ុន្ដែបើតាមការឲ្យដឹងពីអតីតកីឡាករជើងខ្លាំង អេ ភូថង បានបញ្ជាក់ថា ការប្រកួតនោះនឹងប្រើពេលប្រកួត១ទឹកប៉ុណ្ណោះ ដែលមានរយៈពេលត្រឹមតែ៣នាទី៕

You might also like More from author