ចាន់ វឌ្ឍនាកា រក​បាន ១គ្រាប់​បាល់​ដំបូង ជួយ​បឹងកេត ឈ្នះ​ប៉ូលិស ១-០

(ភ្នំពេញ)៖ ក្រោយត្រឡប់មកជួយក្លឹបចាស់បឹងកេតអែហ្វស៊ និងបង្ហាញវត្តមានលើទីលាន ៣ប្រកួតជាប់គ្នាក្នុងក្របខណ្ឌលីគកំពូលកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា រកគ្រាប់បាល់ដំបូងបានហើយ ខណៈជួយក្រុមការពារតំណែងជើងឯកនេះ យកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) ១-០ ក្នុងជំនួបជើងទី២ លើទីលានពហុកីឡដ្ឋានជាតិ កាលពីយប់មិញ ។

បើប្រៀបធៀបលទ្ធផលទៅនឹងកាលពីជើងទី២ គឺផ្ទុយគ្នាស្រលះសម្រាប់ជំនួបក្រុមទាំងពីរលើកនេះ ដោយបឹងកេត ធ្លាប់លត់ប៉ូលិស ៥-១ ឯណោះ ។ ប៉ុន្ដែជើងទី២ ការប្រកួតបានបញ្ចប់ដោយតានតឹងបំផុត ទម្រាំកីឡាករ ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ជ័យជម្នះ ១គ្រាប់នៅនាទី៧២ ដោយការតែតបញ្ចូលទី ក្រោយប្រកួត ៤៥នាទីដំបូង រក្សាលទ្ធផល ០-០ ។ រីឯក្រុមប៉ូលិស ត្បិតប្រើទម្រង់ការពារច្រើន តែក៏មានឱកាសវាយបកផងដែរ តែធ្វើមិនបានសម្រេច ។

សម្រាប់គ្រាប់បាល់ទី១ របស់អតីតកីឡាករ Pahang FA ចាន់ វឌ្ឍនាកា មិនត្រឹមជួយឲ្យបឹងកេត បន្ដឈ្នះប៉ូលិសនោះទេ ក៏ជាគ្រាប់បាល់ជួយបឹងកេត បន្ដកំណត់ត្រាឈ្នះ មិនទាន់ស្គាល់ចាញ់ផងដែរ ហើយថែមទាំងជួយក្រុមមានប្រភពពីខេត្តកំពង់ចាមមួយនេះ រក្សាកៅអីកំពូលតារាង និងមាន ៣៦ពិន្ទុ ក្រោយឆ្លងកាត់ ១៤ប្រកួតឈ្នះ១១ និងស្មើ៣ ប្រកួតទៀតផង ។ រីឯប៉ូលិស នៅបន្ដឈរកៅអីលេខ៦ បណ្ដោះអាសន្ន និងមាន ២០ពិន្ទុជាមួយលទ្ធផល ១៤ប្រកួតឈ្នះ៦ ស្មើ២ និងចាញ់ ៦ ប្រកួត ៕

You might also like More from author