កីឡាករ Omogba និង Julius Oiboh ចាកចេញពីបឹងកេត​ មុនចាប់ផ្តេីមរដូកាលថ្មី

(ភ្នំពេញ)៖ កីឡាករបរទេស ២រូបគឺខ្សែប្រយុទ្ធ Esoh Paul Omogba និង Julius Oiboh បានចាកចេញពីក្លឹបបឹងកេតអែហ្វស៊ី ក្រោយសុពលភាពនៃកិច្ចសន្យាបានបញ្ចប់ ហើយភាគីទាំងសងខាងរវាង ក្លឹបនិងសាមីកីឡាករបានឯកភាពគ្នាក្នុងការមិនឈានទៅដល់ ការបន្ដកិច្ចសន្យាបន្ថែមទៀតឡើយ។

Omogba បានរួមចំណែកជាច្រើនជាមួយក្លឹបចាប់តាំងពីរដូវកាលឆ្នាំ២០១៥ មក ហើយបានជួយជ្រោមជ្រែងក្លឹបឲ្យទទួលបានសមិទ្ធផលជាច្រើនដូចជា ទទួលបានជើងឯករងពានរង្វាន់ Toyota Mekong Club Championship ឆ្នាំ២០១៥ និងឈ្នះជើងឯកលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០១៦ និងឆ្នាំ២០១៧ ។

អ្វីដែលសំខាន់ផងនោះ Julius Oiboh ក៏ជាផ្នែកមួយជួយឱ្យបឹងកេតឈ្នះពានលីគលើកដំបូងកាលពីឆ្នាំ២០១២ ក្រោយមកបានចាកចេញទៅប្រកបអាជីពនៅបរទេសមុនត្រឡប់មកចូលរួមជាមួយបឹងកេតជាថ្មីនៅដើមរដូវកាលឆ្នាំ២០១៨ ហើយក៏ជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេឱ្យក្លឹបក្នុងការប្រកួតលីគនារដូវកាលនេះថែមទៀតផង (១៧គ្រាប់) ។

សូមបញ្ជាក់ទៀតថា ក្លឹបបាល់ទាត់បឹងកេត សូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករទាំងពីរកន្លងមកទាំងក្នុងពានរង្វាន់ក្នុងស្រុក និងអន្តរជាតិ ហើយក៏សូមជូនពរឱ្យកីឡាករ Esoh Omogba និង Julius Oiboh ឲ្យទទួលបានជោគជ័យនៅពេលអនាគត៕

You might also like More from author