ប៉ះគ្នាលើកទី៣ តើ Cam-All Stars ឬ Muangthong ឈ្នះល្ងាចនេះ?

(ភ្នំពេញ)៖ ក្រុម Cambodia All Stars នឹងត្រូវប៉ះក្រុម Muangthong United របស់ថៃ នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ។ នេះគឺជាការប្រកួតសងសឹកដ៏គួរឲ្យចាប់អារម្មណ៍ប្រចាំឆ្នាំ បន្ទាប់ពីក្រុមទាំងពីរជួបគ្នា ២លើកកាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ ឈ្នះចាញ់ម្ដងម្នាក់ ។ ចាំមើលជួបគ្នាលើកទី៣ ល្ងាចនេះ តើក្រុមម្ចាស់ផ្ទះ ឬក្រុមភ្ញៀវ នឹងទទួលបានជ័យជម្នះ?

សម្រាប់ក្រុម Cambodia All Stars ដែលដឹកនាំដោយលោក ភា សុភ័ក្ដ្រា គឺជាក្រុមប្រជុំដោយកីឡាករចម្រុះក្លឹប នៃលីគកំពូលកម្ពុជា ។ រីឯក្រុម Muangthong United មិនត្រឹមតែជាក្រុមឆ្នើមមួយប្រចាំប្រទេសថៃនោះទេ ពោលក៏ជាក្រុមខ្លាំងមួយ ក្នុងតំបន់ដែរ ។ ល្ងាចនេះ ក្រុមទាំងពីរ បានបង្ហាញនូវភាពជឿជាក់រៀងៗខ្លួន ក្នុងការប្រជែងលទ្ធផលល្អ ពិសេសក្រុម Muangthong ដែលបាននាំយកកីឡាករជម្រើសដំបូង មកប្រកួតទល់នឹងក្រុម Cambodia All Stars ។

លោក ភា សុភ័ក្ដ្រា បានបញ្ជាក់ថា ប៉ះក្រុម Muangthong ល្ងាចនេះ មិនមែនជាងាយស្រួលប៉ុន្មានទេ តែក្រុមភ្ញៀវ ក៏មិនប្រាកដយកឈ្នះក្រុម Cambodia All Stars ស្រួលដែរ ។ ប៉ុន្ដែលោកនឹងព្យាយាមប្រើប្រាស់កីឡាករខ្មែរច្រើន ក្នុងការប្រកួតមិត្តភាពអន្ដរជាតិនេះ ដើម្បីបង្ហាញពីសក្ដានុពលកីឡាករខ្មែរ ក៏ដូចជាបង្ហាញសមត្ថភាព ក្រែងអាចទាក់ចិត្តក្លឹបបរទេស ដែលអាចនឹងមានវត្តមានក្នុងការប្រកួតនេះ ។ លោកសង្ឃឹមថា កូនក្រុមខ្លួន នឹងធ្វើបានល្អបំផុត ដើម្បីស្វែងរកលទ្ធផលល្អជូនអ្នកគាំទ្រ និងជូនជាតិផងដែរ ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ ក្រុមទាំងពីរ បានជួបគ្នាលើកទី១ ហើយលទ្ធផលក្រុម Cambodia All Stars បានយកឈ្នះ ៤-៣ តែនៅឆ្នាំបន្ទាប់ ក្រុម Muangthong United ក៏សងសឹកបានវិញ ជាមួយលទ្ធផល ៤-០ ដែលការប្រកួតធ្វើឡើង នៅលើទីលានពហុកីឡដ្ឋានជាតិ ទឹកដីកម្ពុជាទាំងអស់ រួមទាំងការប្រកួតល្ងាចនេះផងដែរ ។ ប៉ុន្ដែរាល់មុនការប្រកួតក្រុម Muangthong United តែងរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងបច្ចេកទេសបាល់ទាត់ដល់ក្មេងៗកម្ពុជា ជាក់ស្ដែងកាលពីល្ងាចមិញ ពួកគេបានរៀបចំកម្មវិធី Kit and Share ដល់ក្មេងៗជាង ២០០នាក់ឯណោះ នៅលើទីលានពហុកីឡដ្ឋានជាតិ ៕

You might also like More from author