Cam-All Stars សងសឹក Muangthong បានសម្រេចក្នុងលទ្ធផល ២-១

(ភ្នំពេញ)៖ ជំនួបមិត្តភាពអន្ដរជាតិលើកទី៣ រវាងក្រុម Cambodia All Stars និងក្រុមជើងខ្លាំងថៃ Muangthong United បានបញ្ចប់ហើយ ដោយក្រុមម្ចាស់ផ្ទះ ទទួលបានជ័យជម្នះក្នុងលទ្ធផល ២-១ ក្នុងការប្រកួតទើបបញ្ចប់ការប្រកួតមុននេះបន្ដិច នៅលើទីលានពហុកីឡដ្ឋានជាតិ ។ នេះគឺជាការសងសឹកបានសម្រេចរបស់ក្រុម Cambodia All Stars ក្រោយជួបគ្នា ២លើកកាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ ឈ្នះចាញ់គ្នាម្ដងម្នាក់ ។

ការប្រកួតដ៏ជក់ចិត្តនេះ ក្រុម Cambodia All Stars ដែលដឹកនាំដោយលោក ភា សុភ័ក្ដ្រា បានបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ២គ្រាប់មុន ដែលធ្វើសម្រេចដោយកីឡាករ Privat របស់ក្លឹបព្រះខ័នរាជស្វាយរៀង និងកីឡាករ ឈិន ឈឿន របស់ក្លឹបក្រសួងការពារជាតិ ។ ប៉ុន្ដែចូលតង់ទី២ ក្រុម Muangthong United ក៏វាយបកបាន ១គ្រាប់វិញ តាមរយៈការស៊ុតបាល់ហ្វ្រីឃីតរបស់កីឡាករ Heberty Rernanades ធ្វើឲ្យចប់ការប្រកួតពេញម៉ោងត្រឹមលទ្ធផល ២-១ បន្ទាប់ពីក្រុមម្ចាស់ផ្ទះ ព្យាយាមរកគ្រាប់បាល់បន្ថែម តែមិនបានសម្រេច ។

គួរបញ្ជាក់ថា នេះគឺជាជំនួបមិត្តភាពអន្ដរជាតិលើកទី៣ របស់ក្រុមទាំងពីរ ដោយកាលពីឆ្នាំ២០១៦ ជំនួនលោក ប្រាក់ សុវណ្ណារ៉ា ដឹកនាំក្រុម Cambodia All Stars បានយកឈ្នះក្រុម Muangthong United ៤-៣ តែឆ្នាំ២០១៧ ត្រូវបានក្រុម Muangthong United យកឈ្នះវិញ ក្នុងលទ្ធផល ៤-០ មុនក្រុម Cambodia All Stars រកបានជ័យជម្នះជាលើកទី២ វិញ ដោយលទ្ធផល ២-១ ក្រោមការដឹកនាំរបស់លោក ភា សុភ័ក្ដ្រា ហើយក៏ជាកំណត់ត្រាថ្មីមួយ សម្រាប់ក្រុមកីឡាករចម្រុះក្លឹប នៃលីគកំពូលកម្ពុជានេះផងដែរ៕

You might also like More from author