វៀតណាមចុះកិច្ចព្រម​ព្រៀងជាមួយ Google ក្នុង​ការអភិវឌ្ឍ​ទូរទស្សន៍​ឆ្លាតវៃ ដើម្បី​ប្រជែងក្រុមហ៊ុនធំៗ​ដូចជា Sony និង LG

(ហាណូយ)៖ Vingroup JSC ដែលជាក្រុមហ៊ុនសម្ព័ន្ធដ៏ធំមួយ​របស់ប្រទេសវៀតណាម នៅថ្ងៃពុធនេះបានប្រកាសថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុនយក្សអាមេរិក Google ដើម្បីអភិវឌ្ឍទូរទស្សន៍ឆ្លាតវៃ ឬ smart TV ដែលដើរដោយប្រព័ន្ធប្រតិបត្តិការ Android។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន Vingroup JSC បានបន្ថែមទៀតថា ទូរទស្សន៍ smart TV ចំនួន ០៥ម៉ូឌែលដំបូង នឹងត្រូវបានផលិតនៅឯរោងចក្ររបស់ក្រុមហ៊ុន​ ដែលមានទីតាំងនៅរដ្ឋធានីហាណូយ ហើយនឹងត្រូវដាក់លក់ចាប់ពីខែធ្នូ ខាងមុខនេះតទៅ។ ក្រៅពីទូរទស្សន៍ឆ្លាតវៃ វៀតណាមក៏បានសម្រេចផលិតទូរស័ព្ទឆ្លាតវៃដោយខ្លួនឯង ជាច្រើនម៉ូដែលរួចទៅហើយដែរ ដោយបាននិងកំពុងទទួលការគាំទ្រនៅក្នុងស្រុកជាបណ្តើរៗ។

គួរបញ្ជាក់ថា ទូរទស្សន៍ smart TV ថ្មី របស់ក្រុមហ៊ុន Vingroup JSC ត្រូវបានគេរំពឹងថា នឹងក្លាយជាគូប្រជែងរបស់ក្រុមហ៊ុន Sony និង LG ដែលកំពុងត្រូវបានប្រើប្រាស់ដោយប្រជាជនវៀតណាម ស្របពេលរដ្ឋាភិបាលទីក្រុងហាណូយ កំពុងជ្រោមជ្រែងដល់បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងស្រុក ឱ្យបង្កើនគំនិតច្នៃប្រឌិតក្នុងការផលិតឧបករណ៍អេឡិចត្រូនិច ដើម្បីប្រកួតប្រជែងក្នុងទីផ្សារពិភពលោក៕

You might also like More from author