កុំភ្លេចទស្សនា! «បាតុភូត​ច័ន្ទគ្រាសពណ៌ខៀវ​ មិនធ្លាប់កើតមាន ១៥២ឆ្នាំ» នឹងលេចឡើងនៅចុងខែមករានេះ!

(បរទេស)៖ បាតុភូតចន្ទគ្រាសក្នុងឆ្នាំ២០១៨នេះ នឹងកើតឡើងនៅថ្ងៃទី៣១ ខែមករានេះ ហើយវាគឺជាចន្ទគ្រាសពេញលេញ ដែលគេហៅថា ព្រះចន្ទពណ៌ខៀវ (Blue Moon) ដែលជាបាតុភូត មិនដែលកើតឡើងឡើយក្នុងរយៈពេលច្រើនជាង ១៥០ឆ្នាំមកនេះ។ នេះបើតាមសារព័ត៌មាន Space.com ចេញផ្សាយនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០១៨។

យោងតាម Space.com បាតុភូតច័ន្ទគ្រាសនេះ នឹងកើតឡើងនៅអំឡុងពាក់កណ្ដាលយប់ រីឯមហាសមុទ្រប៉ាស៊ីហ្វិក នឹងត្រូវបានបែរចំមុខទៅរកព្រះច័ន្ទនៅក្នុងពេលដូចគ្នានេះ។ ដោយឡែក តំបន់អាស៊ីកណ្ដាល និងខាងកើត ឥណ្ឌូណេស៊ី នូវែលសេឡង់ និងតំបន់មួយចំនួន នៃប្រទេសអូស្ត្រាលី នឹងមើលឃើញព្រះច័ន្ទពណ៌ខៀវនេះ។ ដោយឡែកចាប់ពីតំបន់ អាស៊ីខាងលិច ប្រទេសឥណ្ឌា មជ្ឈិបូព៌ា និងអឺរ៉ុបខាងកើត អាចនឹងមើលឃើញបាតុភូតដ៏កម្រនេះដែរនៅពេលព្រះច័ន្ទរះតែម្តង។

ជាងនេះទៅទៀត ចាប់ពីភាគខាងកើតគឺ រដ្ឋអាឡាស្កា និងហាវ៉ៃ និងភាគពាយ័ព្យប្រទេសកាណាដា ក៏នឹងអាចមើលព្រះច័ន្ទពណ៌ខៀវនេះផងដែរ ពីដើមរហូតដល់ចប់តែម្តង។ បន្ទាប់ពីឆ្នាំ២០១៨ ព្រះចន្ទពណ៌ខៀវនឹងឆ្លងកាត់ស្រមោលអាំប្រារបស់ផែនដីម្តងទៀតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៨ និងបន្ទាប់មកនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០៣៧ ហើយវាគឺចន្ទគ្រាសពេញលេញតែម្តង។

គួរបញ្ជាក់ថា នៅថ្ងៃ៣១ ខែមករាខាងមុខនេះ នឹងក្លាយជាថ្ងៃកើតមានបាតុភូតច័ន្ទគ្រាសពណ៌ខៀវដំបូងបំផុតមិនធ្លាប់ក្នុងរយៈពេលជិត ១៥២ឆ្នាំ។ គ្រប់គ្នាកំពុងត្រៀមផ្តិតយកព្រឹត្តិការណ៍ដ៏កម្រខាងមុខនេះ ដែលធ្លាប់បានកើតឡើងម្តងដែរ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ១៨៦៦៕

You might also like More from author