បាតុភូត​​បណ្តុំពពក​ចម្លែកៗ ​កើត​មាននៅ​លើភពអង្គារ

- Advertisement -

(អាមេរិក)៖ រយៈពេលជាងមួយខែមកហើយ ផ្កាយរណបរបស់អឺរ៉ុបដែលកំពុងគោចរជុំវិញភពអង្គារនោះ បានធ្វើការអង្កេតអំពីពពករាងដូចរោមសត្វមួយសន្លឹក បានបង្ហាញខ្លួនលើបរិយាកាសភពអង្គារ ដោយវាជាទិដ្ឋភាពចម្លែក និងកម្រកើតមានបំផុត។ នេះបើតាមការចេញផ្សាយដោយវែបសាយព័ត៌មានអវកាស Space នារសៀលថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨។

ពពកចម្លែកខាងលើនេះ គឺស្ថិតនៅផ្ទៃអាកាសនៅជុំវិញភ្នំខ្ពស់មួយនៃភពអង្គារ ដែលមានឈ្មោះថា អាសៀ ម៉ុនស៍ (Arsia Mons) ស្ថិតនៅក្បែរតំបន់ខ្សែអេក្វាទ័ររបស់ភពអង្គារ តាំងតែពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ មកម្ល៉េះ។ យោងតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA ការបង្ហាញវត្តមាននៃពពកខាងលើនេះ គឺដូចជាចម្លែកខ្លាំង ព្រោះពុំមានបាតុភូតបន្ទុះភ្នំភ្លើង កើតឡើងនៅទីកន្លែងណាមួយនោះឡើយនៅលើផ្ទៃភពអង្គារ ដែលធ្វើឲ្យពពកបែបនេះកើតឡើង។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រ សកម្មភាពផ្ទុះភ្នំភ្លើងលើភពអង្គារ គឺត្រូវបានស្ងប់ស្ងាត់អស់រយៈកាល ៥០លានឆ្នាំមកហើយ។ បន្ថែមពីនេះពពកប្រភេទដូចខាងលើ ក៏ត្រូវបានផ្កាយរណបឈ្មោះ Mars Express ចាប់រូបភាពបានដូចៗគ្នា នៅទីតាំងចំនួនបីផ្សេងៗគ្នានៅក្នុងបរិយាកាសភពព្រះអង្គារផងដែរ ដោយវាតែងតែកើតឡើងនៅអំឡុងពេលជាក់លាក់មួយនៅរៀងរាល់ឆ្នាំលើភពអង្គារ ដែលគេជឿជាក់ថា ជាពពកដែលផ្ទុកទៅដោយទឹកកក។

អ្នកវិទ្យាសាស្ត្របានហៅបាតុភូតចម្លែកនោះថា ពពករោមសត្វ ឬពពកអូកានិច ដែលកើតឡើងនៅពេលបរិយាកាសភពអង្គារមានការប្រែប្រួល ដោយសារការទទួលរងឥទ្ធិពលពីពន្លឺព្រះអាទិត្យ និងចរន្តខ្យល់រដូវនៅភពអង្គារផ្ទាល់ ហើយការកកើតឡើងបែបនេះក៏ព្រោះតែចរន្តខ្យល់នៅតំបន់អេក្វាទ័រ មានសភាពខ្លាំងក្លាជាងតំបន់ផ្សេងៗទៀត។ វាក៏អាចកើតឡើងដោយសារតែកាលពីពាក់កណ្តាលឆ្នាំ២០១៨នេះ ភពអង្គារបានកើតមានព្យុះធូលីដ៏ខ្លាំងក្លាផងដែរ។

គួរបញ្ជាក់ថា ភពអង្គារជាភពទី ៤ នៅក្នុងប្រព័ន្ធព្រះអាទិត្យ ដែលមានចម្លាយជាមធ្យម ៩០លានគីឡូម៉ែត្រពីផែនដី។ ភពនេះមានពណ៌ទឹកក្រូច ឬក្រហមស្រាល ក៏ព្រោះតែវាពោពេញទៅដោយធូលីពណ៌ក្រហម ដែលសុទ្ធសឹងជាសារធាតុដែក។ ភពអង្គារមានបរិយាកាសស្តើងស្រោបជុំវិញ ដែលស្មើតែជិត ១ភាគរយ នៃបរិយាកាសផែនដីប៉ុណ្ណោះ ដោយវាផ្ទុកទៅដោយកាបូនឌីអុកស៊ីតភាគច្រើនបំផុត និងមានអុកស៊ីសែនតិចតួចបំផុត៕

You might also like More from author