​​អង្គការ «NASA» សម្រេច​បញ្ចប់​​បេសកកម្ម​ កែវយឺត​​អវកាស «Kepler» ជាផ្លូវការ​!

- Advertisement -

(វ៉ាស៉ីនតោន)៖ ទីបំផុតទីភ្នាក់ងារអវកាសអាមេរិក NASA បានសម្រេចឲ្យកែវយឺតអវកាស Kepler ចូលនិវត្តន៍ហើយ ដោយសារតែការអស់ឥន្ទនៈចាំបាច់សម្រាប់បន្តប្រតិបត្តិការស្រាវជ្រាវទៅមុខទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។

កែវយឺតអវកាស Kepler បានចំណាយពេល ០៩ឆ្នាំ នៅក្នុងលំហអវកាស និងបានរកឃើញភពអេលៀននៅក្រៅប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា Exoplanet ជាង ២,៦០០ភព ដោយក្នុងចំណោមនោះមានភពមួយចំនួន អាចជាកន្លែងទ្រទ្រង់ជីវិតបានថែមទៀតផង។ បើតាមសេចក្តីប្រកាសរបស់ NASA កែវយឺតអវកាសនេះ នឹងចូលនិវត្តន៍ នៅក្នុងគន្លងគោចរសុវត្ថិភាពបច្ចុប្បន្នរបស់វា ដែលនៅឆ្ងាយពីផែនដី។

NASA បានឲ្យដឹងថា នៅពេលរៀបចំបង្កើតគម្រោងបេសកកម្មនេះ ជាលើកដំបូងកាលពី ៣៥ឆ្នាំមុន អ្នកវិទ្យាសាស្រ្តមិនដឹងថា មានភពណាមួយនៅក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើងឡើយ ប៉ុន្តែឥឡូវនេះមនុស្សគ្រប់គ្នាដឹងថា ភពមាននៅគ្រប់ទីកន្លែង ហើយ Kepler បានជួយរៀបចំបង្កើតវិថីមួយ ដែលពោរពេញដោយក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់ ដើម្បីធ្វើការរុករកកាឡាក់ស៊ីរបស់យើង។

កែវយឺត Kepler ត្រូវបានបាញ់បង្ហោះឡើងទីអវកាសកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០០៩ ដោយមានបំពាក់នូវបច្ចេកវិទ្យាទំនើបៗ ក្នុងការវាស់ស្ទង់កម្រិតពន្លឺរបស់ផ្កាយ រួមជាមួយកាមេរ៉េឌីជីថលធំបំផុតនាសម័យនោះ ដែលសាកសមឥតខ្ចោះសម្រាប់ការអង្កេតក្នុងទីអវកាស។

គួរជម្រាបថា ការចូលនិវត្តន៍របស់ Kepler ពុំមែនជាទីបញ្ចប់នៃយុទ្ធនាការប្រមាញ់រុករកភពអេលៀនឡើយ។ កែវយឺតអវកាសជំនាន់ក្រោយឈ្មោះថា Transiting Exoplanet Survey Satellite ឬ TESS ដែលជាអ្នកបន្តវេនរបស់វា ត្រូវបានបញ្ជូនឡើងទីអវកាសកាលពីខែមេសា កន្លងទៅ។ គោលដៅរបស់ TESS គឺធ្វើការរុករកភពនៅជុំវិញផ្កាយភ្លឺ និងនៅកៀកផែនដីបំផុតប្រហែឡ ២០០,០០០ដួង ហើយកន្លងមកនេះ TESS ក៏បានរកឃើញភពអេលៀនមួយចំនួន រួចជាស្រេចទៅហើយផងដែរ៕

You might also like More from author