ក្រោយ​ទទួល​​បាន​កញ្ចប់​ថវិកា គំរោង​៧​ទិសដៅ នៃអង្គការ «NASA» ​ឈ្មោះ Lucy នឹង​សម្រេច​​គោល​ដៅ​ឆាប់ៗ

- Advertisement -

(វ៉ាស៉ីនតោន)៖ ទីបំផុតបេសកកម្មមួយរបស់អង្គការ NASA ដែលមានគោលដៅសិក្សាលើអាចម៍ផ្កាយដល់ទៅ ០៧ ខុសៗគ្នា ទទួលបានកាលបរិច្ឆេទបាញ់បង្ហោះ និងកញ្ចប់ថវិកាហើយ ក្រោយឆ្លងផុតដំណាក់កាលវាយតម្លៃយ៉ាងសំខាន់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

បេសកកម្មនោះមានឈ្មោះថា Lucy ហើយវានឹងត្រូវបាញ់បង្ហោះឡើងទីអវកាសនៅខែតុលា ឆ្នាំ២០២១ ជាពេលដែលយាននេះនឹងត្រូវចាប់ផ្តើមដំណើរផ្សងព្រេងរយៈពេល ១២ឆ្នាំ របស់វានៅក្នុងប្រព័ន្ធព្រះអាទិត្យ។ អំឡុងពេលនោះ Lucy នឹងឆ្ពោះទៅកាន់ដុំថ្មមួយនៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ និង០៦ទៀត នៅក្នុងក្រុមអាចម៍ផ្កាយម៉្យាងហៅថា Trojan ដែលស្ថិតលើគន្លងគោចរជាមួយភពព្រហស្បតិ៍ (Jupiter)។

ជាដំបូងនៅឆ្នាំ២០២៥ យាន Lucy នឹងហោះទៅកាន់តំបន់ខ្សែក្រវាត់អាចម៍ផ្កាយ (Asteriod Belt) ដែលនៅចន្លោះភពអង្គារ (Mars) និង Jupiter។ ន្ទាប់មកវានឹងបន្តឆ្ពោះទៅភពព្រហស្បតិ៍ ដែលគោចរជុំវិញព្រះអាទិត្យចន្លោះចង្កោមអាចម៍ផ្កាយ Trojan ហើយនៅចន្លោះឆ្នាំ២០២៧ និងឆ្នាំ២០៣៣ Lucy នឹងហោះកាត់អាចម៍ផ្កាយចំនួន ០៦ នៅទីនោះ។

គួរជម្រាបថា នៅពេលវាចាប់ផ្តើមបេសកកម្ម យាន Lucy នឹងស្ថិតក្នុងចំណោមបេសកកម្ម NASA ដទៃទៀត ដែលបានព្យាយាមទម្លាយអាថ៌កំបាំង នៃប្រព័ន្ធព្រះអាទិត្យ ដែលកប់ទុកនៅក្នុងអាចម៍ផ្កាយ រួមមានដូចជា បេសកកម្ម Dawn ដែលទើបតែបញ្ចប់ការស្រាវជ្រាវរបស់វានៅជុំវិញភពមិនពេញលក្ខណៈ (Dwarf Planet) Ceres និងបេសកកម្ម OSIRIS-REx ដែលបច្ចុប្បន្ននៅស្ថិតនៅចម្ងាយ ៣៣០គីឡូម៉ែត្រ ពីអាចម៍ផ្កាយឈ្មោះថា Bennu៕

You might also like More from author