​«NASA» សិក្សា​​​ឃើញ​​ថា កាឡាក់​ស៊ី​ធំ​​​មួយ​កំពុង​លេប​ត្របាក់​​​កាឡាក់ស៊ី​​តូចៗ​ ដែល​ស្ថិត​នៅ​ក្បែរៗ​វា

- Advertisement -

(វ៉ាស៊ីនតោន)៖ ការសិក្សាផ្នែកវិទ្យាសាស្រ្តមួយ ចេញផ្សាយនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបង្ហាញថា កាឡាក់ស៊ីភ្លឺចែងចាំងបំផុតដែលគេរកឃើញ កំពុងលេបយកកាឡាក់ស៊ីតូចៗយ៉ាងតិចចំនួន ០៣ ដែលស្ថិតនៅក្បែរៗវា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

បើតាមការសិក្សាដែលចេញមកពីក្រុមការងារមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ JPL នៃទីភ្នាក់ងារអវកាស NASA រូបធាតុផ្សេងៗដែលកាឡាក់ស៊ីខាងលើ កំពុងលួចយកពីអ្នកជិតខាងរបស់វា ទំនងជាបានចូលរួមចំណែកក្នុងការធ្វើឲ្យកាឡាក់ស៊ីនេះមានពន្លឺភ្លឺជះចេញខ្លាំងបែបនេះ។

កាឡាក់ស៊ីនេះត្រូវបានប្រទះឃើញជាលើកដំបូង ដោយកែវយឺតអវកាស WISE របស់ NASA កាលពីឆ្នាំ២០១៥ ហើយវាពុំមែនជាកាឡាក់ស៊ីដែលធំ ឬក៏មានម៉ាស់ច្រើនបំផុតដែលគេបានស្គាល់នោះឡើយ ប៉ុន្តែវាបញ្ចេញកម្រិតនៃពន្លឺខ្លាំងជាងព្រះអាទិត្យយើងដល់ទៅ ៣៥០ទ្រីលានដងឯណោះ។

ភាគច្រើននៃពន្លឺរបស់វា បានមកមិនត្រឹមតែពីផ្កាយប៉ុណ្ណោះទេ សំណុំឧស្ម័ន និងធូលីអវកាសក្តៅៗ ដែលប្រមូលផ្តុំនៅចំណុចកណ្តាលរបស់កាឡាក់ស៊ីនេះ ក៏បានចូលរួមចំណែកផងដែរ។ ដោយឡែកនាពេលនេះ កិច្ចការសង្កេតថ្មីដោយប្រព័ន្ធតេឡេស្កូបនៅប្រទេសឈីលី បានបង្ហាញពីដាននៃធូលី និងឧស្ម័នអវកាស កំពុងត្រូវបានស្រូបយកពីកាឡាក់ស៊ីតូចៗចំនួន០៣។ យ៉ាងណាមិញ វាមិនច្បាស់នោះឡើយថា កាឡាក់ស៊ីទាំង០៣ នឹងមានឱកាសគេចផុតពីជោគវាសនានាពេលបច្ចុប្បន្នរបស់វា ឬក៏ត្រូវស្រូបឲ្យរលាយបាត់ទាំងស្រុង។

គួរជម្រាបថា នៅចំកណ្តាលបណ្តុំធូលី-ឧស្ម័នអវកាស របស់កាឡាក់ស៊ីភ្លឺបំផុតនេះ គឺមានវត្តមានប្រហោងខ្មៅយក្សមួយ ដែលមានម៉ាស់ច្រើនជាងព្រះអាទិត្យ ៤ពាន់លានដង។ ដោយសារតែឥទ្ធិពលនៃកម្លាំងទំនាញ រូបធាតុត្រូវធ្លាក់ចូលទៅក្នុងប្រហោងខ្មៅក្នុងល្បឿនលឿន ហើយទង្គិចគ្នាព្រមទាំងទទួលរងកម្តៅរាប់លានអង្សាសេ ជាហេតុធ្វើឲ្យរូបធាតុទាំងនោះបញ្ចេញពន្លឺចែងចាំងខ្លាំង។ កាឡាក់ស៊ីមានពន្លឺខ្លាំងបែបនេះ និងមានប្រហោងខ្មៅជាស្នូល ត្រូវគេហៅថា «Quasar»។

ដូចទៅនឹងម៉ាស៊ីននានាលើផែនដី ការបញ្ចេញថាមពលដ៏សម្បើមរបស់វា តម្រូវឲ្យមានការបញ្ចូលថាមពលខ្ពស់ស្មើគ្នា ហើយថាមពលទាំងនោះបានមកពីធូលី និងឧស្ម័នអវកាស ដើម្បីបង្កើតផ្កាយព្រមទាំងផ្គត់ផ្គង់សំណុំពពកដែលនៅជុំវិញប្រហោងខ្មៅយក្ស។

គួរជម្រាបថា កាឡាក់ស៊ីខាងលើនេះមានឈ្មោះថា W2246 គឺជាកាឡាក់ស៊ីឆ្ងាយបំផុត ដែលអ្នកវិទ្យាសាស្រ្តរកឃើញថា កំពុងស្រូបយករូបធាតុពីប្រភពជាច្រើន។ ពន្លឺរបស់វាចំណាយពេល ១២.៤ពាន់ឆ្នាំពន្លឺ ដើម្បីធ្វើដំណើរមកដល់យើង ដូច្នេះហើយអ្នកវិទ្យាសាស្រ្តកំពុងមើលឃើញកាឡាក់ស៊ីនេះក្នុងទម្រង់ នៅពេលដែលចក្រវាឡយើងមានអាយុកាលទើបមួយភាគដប់នៃអាយុកាល ១៣.៨ពាន់លានឆ្នាំរបស់វា៕

You might also like More from author