ក្រុមហ៊ុន​អង់គ្លេស BT អះអាង​ថា Huawei នៅតែ​ជា​អ្នក​ផ្គត់ផ្គង់​​សំខាន់​​លើ​បណ្តាញ 4G និង 5G របស់ខ្លួន​ដដែល

(ឡុងដ៍)៖ អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុនទូរគមនាគមន៍អង់គ្លេស BT បាននិយាយថា ក្រុមហ៊ុន Huawei នៅតែជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ខាងបរិក្ខានៃបណ្ដាញប្រព័ន្ធ 4G និង 5G។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។

ថ្លែងប្រាប់ស៊ីនហួរ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ អ្នកនាំពាក្យដដែលបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុន BT បានធ្វើការជាមួយ Huawei ដែលជាក្រុមហ៊ុនទូរគមនាគមន៍នាំមុខគេរបស់ចិនចាប់តាំងពីឆ្នាំ២០០៥ មកម្ល៉េះ។ មួយវិញទៀតបើទោះជា Huawei មិនបានចូលរួមក្នុងការជ្រើសរើស ជាដៃគូអភិវឌ្ឍន៍បណ្ដាទូរស័ព្ទចល័ត 5G ប៉ុន្តែក្រុមហ៊ុនចិនមួយនេះនៅតែអ្នកផ្គត់ផ្គង់ ដ៏សំខាន់ខាងផ្នែកបរិក្ខាទ្រទ្រង់បណ្ដាញ 5G Radio Access Network សម្រាប់ក្រុមហ៊ុន BT ដដែល»

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់អ្នកនាំពាក្យ ក្រុមហ៊ុន BT ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា បរិក្ខារបស់ក្រុមហ៊ុន Huawei នឹងមិនត្រូវបានប្រើប្រាស់ ដូចជាបេះដូងនៃបណ្ដាញទូរស័ព្ទដៃចល័ត 5G របស់ក្រុមហ៊ុនអង់គ្លេសមួយនេះទៀតឡើយ ប៉ុន្តែតាមពិតទៅ គឺដូចជាការអះអាងខាងលើនេះ ដោយ Huawei នៅតែដើរតួនាទីសំខាន់បំផុត៕
(ប្រភព Fresh News)

You might also like More from author