អតីត​អាវ​កាសយានិក NASA មួយរូប​​ចាត់ទុក​គំរោង​នាំ​មនុស្សទៅ​​ភពអង្គារ គឺជារឿង​​ដ៏គួរឲ្យ​​អស់​សំណើច​ទៅវិញ!

(វ៉ាស៊ីនតោន)៖ អវកាសយានិកដំបូងគេម្នាក់ ដែលបានទៅគោចរជុំវិញឋានព្រះច័ន្ទ បានលើកឡើងថា ការបញ្ជូន មនុស្សទៅកាន់ភពអង្គារ គឺស្ទើរតែជារឿងគួរឲ្យអស់សំណើច និងពុំទំនងមួយទាល់តែសោះ។ នេះបើតាមការដក ស្រង់ការផ្សាយចេញផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨។

អតីតអវកាសយានិកនៃទីភ្នាក់ងារអវកាសអាមេរិក NASA លោក Bill Anders អាយុ ៨៥ឆ្នាំ គឺជាអ្នកបញ្ជាយានអវកាសនៃបេសកកម្ម Apollo 8 ដែលជាការធ្វើដំណើរដំបូងគេដោយក្រុមអវកាសយានិកក្នុងការចាកចេញពីផែនដី ដើម្បីឆ្ពោះទៅកាន់គន្លងគោចរជុំវិញព្រះច័ន្ទកាលពីខែធ្នូ ឆ្នាំ១៩៦៨។ បេសកកម្មនេះមានសារសំខាន់ជាខ្លាំង ក្នុងការត្រួសត្រាយផ្លូវសម្រាប់ការចុះចតនៅលើឋានព្រះច័ន្ទ នៃបេសកកម្ម Apollo 11 នៅរយៈពេល ០៧ខែ ក្រោយ។

ដោយឡែកមិត្តរួមការងាររបស់លោក គឺ លោក Frank Borman ដែលជាប្រធានក្រុមបេសកកម្ម Apollo 8 បានបង្ហាញការជឿជាក់ដែលមានសុទិដ្ឋិនិយមជាងរូបលោក។ លោក Borman បាននិយាយថា យើងទាំងអស់គ្នាត្រូវធ្វើការរុករកឲ្យកាន់តែសកម្ម នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ហើយលោកគិតថា មនុស្សគឺត្រូវតែជាផ្នែក មួយនៅក្នុងគោលដៅនេះ។

គួរជម្រាបថា ការអត្ថាធិប្បាយខាងលើរបស់អតីតអវកាសយានិកទាំងពីរនាក់ ត្រូវបានធ្វើឡើងក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយវិទ្យុ BBC Radio 5 Live ក្នុងឱកាសខួប៥០ឆ្នាំនៃដំណើរបេសកកម្មជាប្រវត្តិសាស្រ្តរបស់អ្នក ទាំងពីរ។ រហូតមកទល់ពេលនេះ មានតែយានរ៉ូបូតប៉ុណ្ណោះ ដែលត្រូវបានបញ្ជូនទៅកាន់ភពអង្គារដោយអង្គការ NASA ខណៈក្រុមហ៊ុនក្មេងខ្ចីគឺ SpaceX គ្រោងនាំមនុស្សទៅនៅឆ្នាំ២០២៤ រីឯងអង្គការ NASA បានពន្យារពេលដល់ឆ្នាំ២០៤០៕

You might also like More from author