ហេតុអ្វី​បាន​ជា​ប្រជាជន​ចិន​​ប្ដូរពី​ទូរស័ព្ទ iPhone ទៅ​ប្រើ​​ទូរស័ព្ទ Huawei វិញ?

(វ៉ាស៊ីនតោន)៖ កាលពីសប្ដាហ៍មុននាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Apple លោក ធីម ឃុក (Tim Cook) បានព្រមានក្រុមអ្នកវិយោគថា ក្រុមហ៊ុនរបស់លោកកំពុងប្រឈមមុខនឹងការលក់ធ្លាក់ចុះយ៉ាងខ្លាំងនូវទូរស័ព្ទដៃ iPhone នៅក្នុងប្រទេសចិន ជាទីដែលទូរស័ព្ទដៃ Huawei បាននិងកំពុងធ្វើឱ្យជោគវាសនា ក្រុមហ៊ុនយក្សអាមេរិក មួយនេះ មានភាពស្រពិចស្រពិលក្នុងទីផ្សារចិន ដែលទីផ្សារធំផ្តាច់គេលើសកលលោក។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មានអាមេរិក New York Times នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩។

ការលក់ធ្លាក់ចុះនៃទូរស័ព្ទ iPhone នៅក្នុងប្រទេសចិន ត្រូវបានអ្នកជំនាញមួយចំនួនយល់ថា ដោយសារតែការ រីកធំធាត់នៃទូរស័ព្ទដៃស្មាតហ្វូនចិន ដូចជា Huawei ជាដើម ដែលកំពុងប្រជែងយ៉ាងខ្លាំង ជាមួយទូរស័ព្ទដៃម៉ាក សញ្ញាផ្លែប៉ោមមួយនេះ ជាពិសេសគឺទៅលើតម្លៃលក់នៅលើទីផ្សារតែម្ដង។

ពោលគឺជារួម ប្រជាជនចិនមានជីវភាពមធ្យមបានប្ដូរទូរស័ព្ទដៃ iPhone របស់ពួកគេមកប្រើ Huawei ជំនួសវិញ ពីព្រោះវាជាផលិតផលនៅក្នុងស្រុក មានបច្ចេកវិទ្យាទំនើបអាចទទួលយកបាន និងមានតម្លៃថោកសមរម្យ ដោយ ក្នុងមួយ គ្រឿងនៃស៊េរីទូរស័ព្ទខ្លះមានតម្លៃទាបជាង ១៥០ដុល្លារ តែអាចលេង Internet ព្រមទាំងមានកម្មវិធីមួយ ចំនួនដូចទូរស័ព្ទដៃស្មាត ហ្វូនយក្សដទៃៗទៀត ដែលមានតម្លៃថ្លៃដែរ។

គួរបញ្ជាក់ថា CEO ក្រុមហ៊ុន Apple លោក Tim Cook បានបន្ទោសថា ការលក់ធ្លាក់ចុះនៃ iPhone ក្នុងឆ្នាំ២០១៨ គឺដោយសារតែសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលបានអូសបន្លាយជាច្រើនខែ រហូតមកទល់ នឹងដើមឆ្នាំ២០១៩នេះ។ សង្រ្គាមពាណិជ្ជកម្មបានបង្ខំឱ្យចិន ចាត់វិធានការជាបន្តបន្ទាប់ ក្នុងនោះក៏មានគោល ដៅរាំងខ្ទប់លើការលក់ទូរស័ព្ទ iPhone ផងដែរ ជាការឆ្លើយតបទៅនឹងការរុកគួនរបស់សហរដ្ឋអាមេរិក ទៅលើក្រុមហ៊ុនយក្សចិន Huawei ដូចគ្នា៕

You might also like More from author