ភាព​អាថ៌​កំបាំង​​កំពុង​ស្ថិត​នៅ​ពី​ក្រោយ​​អំណាច​អវកាស​​របស់​​ចិន ដែល​គ្រប់​គ្នា​​ពិបាក​ស្មាន​​ដល់​ថា​​មាន​ទំហំ​កម្រិតណា…

(វ៉ាស៊ីនតោន)៖ ចិនបានក្លាយជាប្រទេសទី ៣ លើពិភពលោក ដែលបានបញ្ជាយានទៅចុះចតនៅលើឋានព្រះច័ន្ទ ប៉ុន្តែអ្វីដែលសំខាន់នោះមហាយក្សនៅលេខ ១ ប្រចាំទ្វីបអាស៊ីនេះ បានក្លាយជាប្រទេសដំបូងគេលើផែនដី ដែល បានធ្វើយ៉ាងដូច្នោះ នៅឯផ្ទៃចំហៀងម្ខាងទៀតនៃព្រះច័ន្ទ ដែលសូម្បីតែសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលសុទ្ធតែ ជាអ្នកនាំមុខខាងវិស័យអវកាសរាប់ទសវត្សរ៍មកនេះ មិនទាន់សម្រេចបាននៅឡើយ។ នេះបើតាមការដកស្រង់ ព័ត៌មានពី Channel News Asia នាព្រឹកថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៨។

យានអវកាសខាងលើដែលមានឈ្មោះ «ឆាងអឺទី៤» គឺជានិមិត្តរូបនៃការរីកចម្រើនក្នុងវិស័យអវកាស របស់ ប្រទេសចិន និងជាសមត្ថភាពដែលចិនបានខិតខំកសាងឡើង។ ភាពជោគជ័យនេះ ក្លាយជាសារសំខាន់ ខ្លាំងបំផុតសម្រាប់ចិនខ្លួនឯងផ្ទាល់ និងសម្រាប់ទំនាក់ទំនងរវាងមហាអំណាចនៅលើពិភពលោក។ តាំងពីដើម មកកត្តាជំរុញដ៏ធំនៅក្នុងគោលនយោបាយ ផ្នែកស្រាវជ្រាវទីអវកាសរបស់សហរដ្ឋអាមេរិក គឺការប្រកួតប្រជែងជា មួយរុស្ស៊ី ប៉ុន្តែប្រសិនបើភាពជោគជ័យរបស់ចិន នៅតែបន្តរីកដុះដាលខ្លាំងឡើងៗនោះ តើអាមេរិកអាចធ្វើការរត់ ប្រណាំងជាថ្មីទៀត លើវិស័យអវកាសជាមួយចិនដែរ ឬយ៉ាងណា?

ចំណុចពិសេសគួរឲ្យកត់សម្គាល់បំផុតនៅក្នុងវិស័យអវកាសចិន ជាពិសេសបើធៀបទៅលើដំណាក់កាលដំបូងៗ នៃកម្មវិធីអវកាសរបស់សហរដ្ឋអាមេរិក និងរុស្ស៊ីនោះ គឺវាមានសន្ទុះយឺត ប៉ុន្តែមានលក្ខណៈថេរ។ ដោយសារតែ ភាពអាថ៌កំបាំងនៅជុំវិញវិស័យអវកាសចិន ធ្វើឲ្យអានុភាពពិតប្រាកដរបស់ចិននៅក្នុងវិស័យនេះ ពុំត្រូវបានគេ ដឹងច្បាស់ឡើយ។ ប៉ុន្តែបើតាមការស្ទាបស្ទង់ វិស័យអវកាសចិនគឺទំនងជាមានភាពរីកចម្រើនប្រហាក់ប្រហែល នឹងសមភាគីរបស់ខ្លួនទៅហើយ។

បើនិយាយពីការអនុវត្តន៍ក្នុងវិស័យយោធា ចិនបានបង្ហាញឲ្យឃើញនូវភាពស្ទាត់ជំនាញគួរឲ្យស្ញើចសរសើរ ដោយកាលពីឆ្នាំ២០០៧ ចិនបានធ្វើតេស្តបាញ់មីស៊ីលផ្លោងកម្ទេចផ្កាយរណបដែលខូចមួយគ្រឿង ដោយ ជោគជ័យ។ ប៉ុន្តែជោគជ័យនៃការធ្វើតេស្តប្រឆាំងផ្កាយរណបនេះ បានបង្កើតចេញបណ្តុំកម្ទេចកម្ទីក្នុងទីអវកាស ដែលកំពុងបន្តបង្កការគំរាមកំហែងដល់ផ្កាយរណបឯទៀតៗ។

កាលពីឆ្នាំ២០១៨ថ្មីៗនេះវិញ ក្រសួងការពារជាតិអាមេរិក បានចេញរបាយការណ៍ឲ្យដឹងថា កម្មវិធីអវកាស សម្រាប់បម្រើវិស័យយោធារបស់ចិន បានបន្តរីកលូតលាស់ខ្លាំងយ៉ាងឆាប់រហ័ស។ ទោះជាបែបនេះក្តី មិនដូចប្រទេសផ្សេងៗ អាមេរិកមិនបានចូលទៅបង្កើតកិច្ចសហប្រតិបត្តិការធំដុំណាមួយជាមួយចិនឡើយ ដោយសារតែបញ្ហាសន្តិសុខជាតិ។

យ៉ាងណាក៏ដោយ អានុភាពរបស់ចិនក្នុងវិស័យអវកាស កំពុងតែរីកចម្រើនខ្លាំងរហូតត្រូវបានឆ្លុះបញ្ចាំង នៅក្នុង ភាពយន្តហូលីវូដល្បីៗដូចជា The Martian កាលពីឆ្នាំ២០១៥ ជាដើម ដោយក្នុងនោះទីភ្នាក់ងារអវកាសអាមេរិក NASA បានងាកទៅរកចិនឲ្យជួយសង្រ្គោះអវកាសយានិករបស់ខ្លួន ដែលជាប់នៅលើភពអង្គារ (Mars) ព្រោះតែ យានដឹកទំនិញរបស់ខ្លួនត្រូវខូចខាត ហើយពេលនោះគឺចិនអាចជួយបានយ៉ាងប្រាកដ។

គួរជម្រាបថា ខណៈការប្រកួតប្រជែងគ្នា អាចនាំទៅរកភាពជឿនលឿននៃបច្ចេកវិទ្យា ដូចបានបង្ហាញក្នុងការរត់ ប្រណាំងផ្នែកអវកាស រវាងអាមេរិកនិងចិននោះ ការសហការគ្នារវាងមហាអំណាចនៃវិស័យអវកាស ក៏អាចផ្តល់ អត្ថប្រយោជន៍ដែរ ពោលគឺមិនត្រឹមអាចជួយសង្រ្គោះអវកាសយានប៉ុណ្ណោះទេ តែថែមទាំងអាចបង្កើនចំណេះ ដឹងកាន់តែទូលំទូលាយអំពីចក្រវាឡដែលយើងទាំងអស់គ្នាកំពុងរស់នៅថែមទៀត។ ដូច្នេះហើយ ទោះបីវិស័យ អវកាសចិនកំពុងលោតឡើងខ្លាំងយ៉ាងណាក៏ដោយ មិនមែនលទ្ធផលទាំងអស់សុទ្ធតែអាក្រក់ ដូចគូប្រជែងរបស់ ចិនប្រឹងលើកឡើងនោះទេ៕

You might also like More from author