Apple កាត់​បន្ថយការ​ផលិត iPhone បីស៊េរី​ចំនួន១០% នៅ​ត្រីមាស​ទីមួយ​ឆ្នាំ២០១៩ ព្រោះ​តែការ​លក់ធ្លាក់​​ចុះយ៉ាង​​គំហុក​​នៅចិន

(តូក្យូ)៖ ក្រុមហ៊ុន Apple កំពុងកាត់បន្ថយការផលិតទូរស័ព្ទដៃ iPhone ស៊េរីថ្មីរបស់ខ្លួនទាំងបីម៉ូឌែលចំនួន ១០ភាគរយ សម្រាប់ត្រីមាសទីមួយពីខែមករា ដល់ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីការលក់មានការធ្លាក់ចុះយ៉ាងគំហុក នៃការលក់ iPhone ស៊េរីថ្មីៗទាំងនេះកាលពីឆ្នាំ២០១៨។ នេះបើតាមប្រភពពី Nikkei ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។

យោងតាមសារព័ត៌មានជប៉ុន Nikkei ដដែល ការកាត់បន្ថយការផលិតនេះធ្វើឡើង មានជាប់ពាក់ព័ន្ធនឹងការបញ្ជា ទិញធ្លាក់ចុះនៅក្នុងប្រទេសចិន ដោយសារតែសង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិកនាពេលបច្ចុប្បន្ន។ ប៉ុន្តែ អ្នកជំនាញខ្លះ ការធ្លាក់ចុះបណ្ដាលមកពីទូរស័ព្ទដៃ iPhone មានតម្លៃខ្ពស់ពេក។

Nikkei ផ្អែកលើប្រភពដែលខ្លួនទទួលបានបានឱ្យដឹងទៀតថា ក្រុមហ៊ុន Apple បានស្នើឱ្យអ្នកផ្គត់ផ្គង់កាលពីខែធ្នូ កន្លងទៅឱ្យកាត់បន្ថយការផលិតទូរស័ព្ទដៃ iPhone XS, XS Max និង XR ដោយកាត់បន្ថយមកនៅត្រឹមពី ៤០-៤៣លានគ្រឿង សម្រាប់ត្រីមាសពីខែមករា ដល់ខែមីនា ឆ្នាំ២០១៩ ខណៈគម្រោងផលិតកាលពីពេលមុនគឺ មានចន្លោះពី ៤៧-៤៨លានគ្រឿង។

គួរបញ្ជាក់ថា ទោះបីជាសម្លឹងឃើញការធ្លាក់ចុះ ដែលពិភពបច្ចេកវិទ្យាកំពុងចាប់អារម្មណ៍ខ្លាំងនេះក្តី ក៏ក្រុមហ៊ុន Apple មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយ ជុំវិញសេចក្ដីរាយការណ៍របស់ Nikkei នៅឡើយទេ។ ប្រទេសចិន តាំងពីដើមរៀងមក គឺជាទីផ្សារធំបំផុតរបស់ Apple ប៉ុន្តែដោយសារសង្គ្រាមពាណិជ្ជកម្ម ជាពិសេសគឺការធ្វើ ទុក្ខបុកម្នេញដល់ក្រុមហ៊ុនយក្សចិន Huawei ពីសំណាក់រដ្ឋបាលលោក ដូណាល់ ត្រាំ នោះ បានធ្វើចិនវាយ បកវិញតាមរយៈការផ្អាកចរាចរណ៍លក់ iPhone ជាច្រើនស៊េរីក្នុងទឹកដីចិន និងបំផុសប្រជាជនចិន ឲ្យគាំទ្រខ្លាំងឡើងវិញលើផលិតផលជាតិរបស់ខ្លួនវិញជាដើម៕

You might also like More from author