អង្គការ NASA ពន្យល់​ពី​​កំណើត​ភ្នំ​នៅ​កណ្តាល​​រណ្តៅយក្ស​ Gale លើ​ភពអង្គារ ដែល​ថត​​ដោយ​​យាន Curiosity

(អាមេរិក)៖ ការសិក្សាថ្មីមួយរបស់ក្រុមអ្នកវិទ្យាសាស្រ្តបានឲ្យដឹង ភ្នំ Mount Sharp នៅក្នុងរណ្តៅ Gale Crater លើភពអង្គារ (Mars) ដែលជាតំបន់រុករករបស់យាន Curiosity នោះ ទំនងជាបានកកើតឡើងជាភ្នំដ៏ធំមួយដូចសព្វថ្ងៃនេះ គឺដោយសារតែខ្យល់បក់ដែលនាំយកមកនូវធូលីដី និងខ្សាច់មកពូនផ្តុំទីនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។

យានមានកង់អាចចល័តបានឈ្មោះ Curiosity របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានចុះទៅដល់រណ្តៅ Gale ដែលមានមុខកាត់ ១៥៤គីឡូម៉ែត្រកាលពីខែសីហា ឆ្នាំ២០១២ ហើយវាមានគោលដៅស្រាវជ្រាវលើតំបន់នេះ ដើម្បីរុករកសញ្ញានៃជីវិតកាលពីអតីតកាលនៅលើភពអង្គារ។ ក្រោយការអង្កេតជាច្រើនឆ្នាំរបស់ Curiosity រណ្តៅ Gale ត្រូវអ្នកវិទ្យាសាស្រ្តជឿជាក់ថា ធ្លាប់មានផ្ទុកប្រព័ន្ធបឹង ឬប្រលាយមួយដល់ទៅរយៈពេលរាប់រយលានឆ្នាំឯណោះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតសម្រាប់រណ្តៅ Gale គឺភ្នំមួយកម្ពស់ ៥.៥គីឡូម៉ែត្រនៅចំកណ្តាលវា។ អ្នក វិទ្យាសាស្រ្តមានការជជែកដេញដោលជាយូរណាស់មកហើយថា តើភ្នំចម្លែកនេះដែលហៅថាភ្នំ Sharp កើតឡើង ដោយរបៀបណា ពោលគឺវាជាសំណល់នៃវត្ថុមួយដែលធ្លាប់បំពេញរណ្តៅនេះ ប៉ុន្តែបានទទួលរងសំណឹក ឬក៏វា លេចរូបរាងឡើងក្នុងទម្រង់បច្ចុប្បន្ន ដោយសារតែការនាំយកធូលី និងខ្សាច់ដោយខ្យល់បក់នៅលើភពអង្គារ។

គួរជម្រាបថា ការសន្និដ្ឋានរបស់អ្នកវិទ្យាសាស្រ្តថាភ្នំ Sharp កើតឡើងដោយខ្យល់បក់ គឺដោយសារតែសណ្ឋាន ដីនៅក្នុងតំបន់នោះ មានសភាពធូររលុងមិនសូវហាប់ណែនឡើយ បើតាមទិន្នន័យរបស់យាន Curiosity ដែល បានប្រើប្រាស់បច្ចេកទេសស្ទាបស្ទង់ម៉្យាងទាក់ទងទៅនឹងវិទ្យាសាស្រ្តនៃកម្លាំងទំនាញ៕

You might also like More from author