កែវយឺត​​អវកាស Kepler បន្សល់​ទុក​រូប​​មួយ​សន្លឹក​ចុង​ក្រោយ ​មុន​វាឈប់​ដំណើរ​​ការជា​រៀង​រហូត

(អាមេរិក)៖ ទីភ្នាក់ងារអវកាស NASA បានបញ្ចេញរូបថ្មីមួយសន្លឹក ដែលបង្ហាញពីការឆ្លុះមើលលើកចុងក្រោយ របស់កែវយឺត Kepler ដែលអស់សាំងកាលពីឆ្នាំមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។

កែវយឺតអវកាស Kepler បានបញ្ជូនរូបថតដំបូងនៃទីអវកាស (First Light Image) មកកាន់ផែនដីកាលពីខែមេសា ឆ្នាំ២០០៩ បន្ទាប់វាបានបើកគម្របការពារធូលីចេញពីកាមេរ៉ារបស់វា ខណៈរូបភាពថ្មីខាងលើដែលជារូបភាព ស្គែនផ្ទៃមេឃជាលើកចុងក្រោយរបស់ Kepler បានត្រឡប់មកដល់ភពរបស់យើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។

គួរជម្រាបថា Kepler ធ្វើគោចរនៅជុំវិញព្រះអាទិត្យនៅលើគន្លងមួយ ដែលតាមពីក្រោយគន្លងផែនដី។ បេសក កម្មដំបូងនៃកែវយឺតអវកាសនេះ ត្រូវបានគេពង្រីកបន្ថែមពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ ដោយវាបានចាប់ផ្តើម ដោយផ្តោត តែលើផ្ទៃមេឃមួយផ្នែកប៉ុណ្ណោះក្នុងកញ្ចុំផ្កាយ Cygnus។ ក្រោយពីពេលវាលែងអាចផ្តោតនៅចំណុច មួយកន្លែងបាន អ្នកវិទ្យាសាស្រ្តបានសម្រេចចេញបេសកកម្ម K2 ដែលឲ្យ Kepler ឆ្លុះមើលទីតាំងខុសៗ គ្នាជា រៀងរាល់ ៧៥ថ្ងៃម្តង។

ក្នុងអំឡុងបេសកកម្មទាំងពីរនេះ កែវយឺតអវកាស Kepler បានរកឃើញភពអេលៀននៅក្រៅប្រព័ន្ធព្រះអាទិត្យ (Exoplanet) ជាង ២,៦០០ភព ដែលត្រូវអ្នកវិទ្យាសាស្រ្តផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវថា ពិតជាមានវត្តមានប្រាកដមែន ហើយចំនួននេះមិនទាន់រាប់បញ្ចូលបេក្ខភាព Exoplanet ជាច្រើនផ្សេងទៀតដែលមិនទាន់ត្រូវបាន ផ្ទៀងផ្ទាត់ ឡើយ៕

You might also like More from author