ទីបំផុត​យាន​រុក​រកឋាន​ព្រះច័ន្ទ​​របស់​អ៊ីស្រាអែល ត្រូវ​បាញ់​​ចេញ​ទៅ​ហើយ​​នឹង​ទៅ​ដល់​​ព្រះច័ន្ទ​នៅ​អំឡុង​ខែមេសា

(ផ្លូរីដា)៖ ទីបំផុតយានរុករករបស់អ៊ីស្រាអែលមួយគ្រឿង ត្រូវបានគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុនអាមេរិក SpaceX បាញ់បញ្ជូលឡើងទៅកាន់ទីអវកាសហើយ ដើម្បីធ្វើគោចរជាគន្លងរាងពងក្រពើព័ទ្ធជុំវិញផែនដីជាច្រើនជុំ រហូតដល់អាចទៅកៀក និងចុះចតលើផ្ទៃព្រះច័ន្ទ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាម ការចេញផ្សាយដោយវែបសាយ Space នាព្រឹកថ្ងៃសុក្រទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។

រ៉ុក្កែត Falcon 9 របស់ Space បានដុតកម្តៅ និងរុញច្រានយានរុករកឋានព្រះច័ន្ទលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ អ៊ីស្រាអែល ឡើងទៅកាន់ទីអវកាសកាលពីវេលាម៉ោង ៨៖៤៥នាទីយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅរដ្ឋផ្លូវរីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិក) ត្រូវនឹងព្រឹកថ្ងៃសុក្រនេះ (ពេលវេលានៅអាស៊ីបូព៌ា) ចេញពីស្ថានីយបាញ់បង្ហោះ Cape Canaveral នៃកងទ័ពអាកាសសហរដ្ឋអាមេរិក។

សម្រាប់រ៉ុក្កែត Falcon 9 ខាងលើនេះមិនត្រឹមតែផ្ទុកយានរុករកឋានព្រះច័ន្ទ Beresheet របស់អ៊ីស្រាអែល ប៉ុណ្ណោះទេ តែវាថែមទាំងផ្ទុះផ្កាយរណបរបស់ឥណ្ឌូណេស៊ីមួយគ្រឿងទៀត ដែលមានឈ្មោះថា Nusantara Satu ទៅទម្លាក់នៅគន្លងគោចរជុំវិញភពផែនដីផងដែរ។ ទីភ្នាក់ងារអវកាសអ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍ មួយ កាលពីថ្ងៃអង្គារសប្ដាហ៍នេះថា យានអវកាសឈ្មោះ ប៊ែរែស៊ីត (Beresheet) គ្រោងនឹងចុះចតនៅលើឋាន ព្រះច័ន្ទនៅថ្ងៃទី១១ ខែមេសា។

យានអវកាស Beresheet មានទម្ងន់ត្រឹមតែ ៦០០គីឡូក្រាមប៉ុណ្ណោះ និងត្រូវគេចាត់ទុកថា ជាយានតូចបំផុត មួយ។ វាមានកម្ពស់ ១.៥ម៉ែត្រ និងមុខកាត់២ម៉ែត្រ ព្រមទាំងអាចផ្ទុកឥន្ធនៈបានទម្ងន់ ៧៥ភាគរយនៃទម្ងន់ សរុបរបស់វា។ យានមួយនេះនឹងត្រូវធ្វើដំណើរចម្ងាយ ៦.៥លានគីឡូម៉ែត្រ ជារង្វង់ពងក្រពើព័ទ្ធជុំវិញផែន ដីបន្តិចម្តងៗរហូតទៅដល់គន្លងគោចរជុំវិញឋានព្រះច័ន្ទតែម្តងនៅក្នុងល្បឿន ៣៦ពាន់គីឡូម៉ែត្រក្នុងមួយម៉ោង ឬ ១០គីឡូម៉ែត្រក្នុងមួយវិនាទី។

គួរបញ្ជាក់ថា ប្រសិនបើបេសកកម្មខាងលើនេះជោគជ័យ ១០០% នោះអ៊ីស្រាអែលនឹងក្លាយជាប្រទេសទី ៤ ដែលអាចបញ្ជូនយានទៅចុះចតលើព្រះច័ន្ទ បន្ទាប់ពីអតីតសហភាពសូវៀត សហរដ្ឋអាមេរិក និងប្រទេសចិន។ ក្រុមការងាររបស់អង្គការអវកាស IAI បានបង្ហាញមោទនភាព និងក្តីសង្ឃឹមខ្ពស់បំផុត ចំពោះអ្វីដែលខ្លួននឹង សម្រេចបាននាពេលខាងមុខ ដែលជាការលើកមុខមាត់អ៊ីស្រាអែលយ៉ាងភ្ញាក់ផ្អើលលើឆាកអន្តរជាតិ៕

You might also like More from author