ទីបំផុត​​យាន​អាច​ដឹក​មនុស្ស Dragon ជា​ប្រវត្តិ​សាស្ត្រ​របស់ SpaceX ទៅ​ដល់​ស្ថានីយ​អវកាស ISS ដោយ​ជោគជ័យ

(វ៉ាស៊ីនតោន)៖ យានអវកាសអាមេរិក Crew Dragon (Dragon 2) បានចូលទៅចត និងតភ្ជាប់ជាមួយ ស្ថានីយអវ កាសអន្តរជាតិ ISS ដោយជោគជ័យហើយ នៅក្នុងបេសកកម្មសាកល្បងលើកដំបូងរបស់វា ដោយពុំមានមនុស្ស ជិះ (មានតែមនុស្សជ័រតំណាង)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩។

បើតាមការបញ្ជាក់ពីទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា ក្រោយពីគោចរជុំវិញផែនដី ១៨ជុំ ក្រោយ ពីវាត្រូវគេបាញ់បង្ហោះឡើងទៅកាន់ទីអវកាសកាលពីថ្ងៃសៅរ៍ យាន Crew Dragon របស់ក្រុមហ៊ុន SpaceX បានចូលទៅភ្ជាប់ជាមួយស្ថានីយ ISS ដោយជោគជ័យកាលពីម៉ោងជិត ០៦៖០០នាទីព្រឹកថ្ងៃអាទិត្យ (ពេលវេលានៅភាគខាងកើតអាមេរិក) តាមរយៈប្រព័ន្ធហោះហើរស្វ័យប្រវត្តិ។ យាន Crew Dragon នឹងនៅស្ថិតនៅស្ថានីយ ISS រយៈពេល០៥ថ្ងៃ មុននឹងវាត្រូវចាកចេញវិញនៅថ្ងៃទី០៨ ខែមីនា ហើយក្រោយបន្ទាប់មកទៀតវានឹងចាប់ផ្តើមដំណើរចុះមកកាន់ផែនដីវិញ។

គួរជម្រាបថា បេសកកម្មសាកល្បងខាងលើនេះ គឺជាជំហានដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅរកការសម្រេចគោល ដៅ នៃការនាំយកមនុស្សឡើងទៅកាន់ស្ថានីយអវកាស ISS តាមរយៈយានរបស់អាមេរិក និងទឹកដីរបស់សហរដ្ឋ អាមេរិកផ្ទាល់ ដែលរឿងនេះពុំធ្លាប់កើតមានឡើងចាប់តាំងតែពីឆ្នាំ២០១១ មក។

ពុំមានវត្តមានក្រុមអវកាសយានិកពិតៗនៅក្នុងយាន Dragon នេះទេ ខណៈមានអវកាសសិប្បនិម្មិតម្នាក់ឈ្មោះថា Ripley ដែលជាតួអង្គឯកក្នុងកម្រងខ្សែភាពយន្តព្រឺព្រួច-វិទ្យាសាស្រ្តបែបក្លាស៊ិក ដ៏ល្បីរបស់ហូលីវូដ Alien។ អវកាសយានិកសិប្បនិម្មិតនេះ មានបំពាក់ប្រព័ន្ធ Sensor ដែលនឹងស្ទាបស្ទង់ក៏ដូចជាវាស់វែងទៅលើកម្លាំង ល្បឿន ព្រមទាំងបរិស្ថានជុំវិញ ដែលមនុស្សជាអវកាសយានិក នឹងត្រូវឆ្លងកាត់នាពេលខាងមុខ នៅក្នុងយានអវកាសនេះ។

ការបាញ់បង្ហោះកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ គឺជាជំហានដ៏សំខាន់មួយនៃក្ដីសម័យរបស់ស្ថាបនិកក្រុមហ៊ុន SpaceX លោក Elon Musk ដែលធ្លាប់បាននិយាយថា ក្រុមហ៊ុនអវកាសរបស់លោកនឹងនាំមនុស្សទៅកាន់ ទីអវកាស។ វាក៏ត្រូវបានចាត់ទុកជាប្រវត្តិសាស្ត្រថ្មីមួយ នៃសមត្ថភាពរបស់ SpaceX ផងដែរ។

ងាកទៅកាន់អង្គការ NASA វិញក៏បានបង្ហាញការសាទរផងដែរ ចំពោះសមិទ្ធផលរបស់ SpaceX នាថ្ងៃនេះ ដោយខ្លួនបានសរសេរបង្ហោះនៅលើបណ្តាញសង្គម Twitter ជាផ្លូវការថា «វាគឺជាទំព័រថ្មីនៃសហរដ្ឋអាមេរិក ចំពោះប្រព័ន្ធដឹកមនុស្សទៅទីអវកាស…»។ វាបានកើតមានឡើងរយៈពេល ០៨ឆ្នាំ បន្ទាប់ពីអង្គការ NASA បានបោះបង់ចោលគំរោងផលិតយានដឹកមនុស្ស Space Shuttle ហើយងាកទៅបន្តពឹងផ្អែកលើយាន Soyuz របស់រុស្ស៊ី ដើម្បីដឹកអវកាសយានិកទៅកាន់ស្ថានីយអវកាសវិញ៕

You might also like More from author