រុស្ស៊ី ទទួល​​​រង​​ការ​វាយ​ប្រហារ​​ផ្នែក​ព័ត៌មាន​វិទ្យា «រហូត​ដល់ ៣លានដង» ដែល​​មាន​ប្រភព​​ពី​ទឹកដី​​អាមេរិក

(វ៉ាស៊ីនតោន)៖ រុស្ស៊ីបានទទួលរងការលុកលុយតាមប្រព័ន្ធព័ត៌មានវិទ្យាដល់ទៅ ០៣លានដង ដែលសុទ្ធតែមានប្រភពមកពីទឹកដីរបស់សហរដ្ឋអាមេរិក។ នេះបើតាមការអះអាងរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន លោក អាណាតូលី អាន់តូនូវ (Anatoly Antonov) ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។

ថ្លែងក្នុងអំឡុងការធ្វើសុន្ទរកថាមួយ នៅឯមជ្ឈមណ្ឌល ស្ទីមសុន (Stimson) នៅរដ្ឋធានីវ៉ាស៊ីនតោន លោក Antonov បាននិយាយដូច្នេះថា «យើងបានរកឃើញការវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យាប្រមាណ ០៣លានដង មកលើអាស័យដ្ឋាន (IP Address) របស់រុស្ស៊ីដែលសកម្មភាពទាំងនោះមានប្រភព ចេញមកពីក្នុងទឹកដីរបស់សហរដ្ឋអាមេរិកតែម្តង»

ការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតរុស្ស៊ីកើតមាន បន្ទាប់ពីអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ហ៊ែប៊ឺត ម៉ាកម៉ាស្ទឺរ (Herbert McMaster) បានប្រកាសនៅក្នុងសន្និសីទផ្នែកសន្តិសុខទីក្រុង Munich ថា សហរដ្ឋអាមេរិកត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមកិច្ចសន្ទនាជាមួយរុស្ស៊ីជុំវិញបញ្ហាសន្តិសុខព័ត៌មានវិទ្យា ប្រសិនបើរុស្ស៊ីប្រាកដប្រជាអំពីការបញ្ឈប់សកម្មភាពស៊ើបការណ៍សម្ងាត់ បែបនេះតទៅទៀត។

គួរជម្រាបថា កិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខ ផ្នែកព័ត៌មានវិទ្យារវាងរុស្ស៊ី និងអាមេរិក ត្រូវបានអភិវឌ្ឍន៍ឡើងយ៉ាងសកម្មកាលពីចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៣ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៤មក កិច្ចសហប្រតិបត្តិការនេះត្រូវបានផ្អាក ដោយសារតែវិបត្តិនៅអ៊ុយក្រែន ជាមួយការចោទប្រកាន់ថា រុស្ស៊ីបានលូកដៃចូលក្នុងបញ្ហាជម្លោះនោះ រួមទាំងការកាត់បញ្ចូលតំបន់គ្រមៀទៅក្នុងប្រទេសរុស្ស៊ី៕

You might also like More from author