ការ​បាញ់​​កម្ទេច​អាចម៍​ផ្កាយ​​មុន​វាហោះ​មក​បុក​ផែនដី ស្តាប់​ទៅ​ជា​រឿង​ងាយៗ ប៉ុន្តែ​​ការ​ពិតវិញ​​គឺមិន​​ដូច្នោះ​​ឡើយ

(អាមេរិក)៖ នៅក្នុងករណីដែលផែនដីរងការគំរាមកំហែងពីអាចម៍ផ្កាយ ដំណោះស្រាយសមហេតុផលជាងគេ គឺត្រូវបាញ់បំបែកដុំថ្មអវកាសទាំងនោះចោល ក៏ប៉ុន្តែការសិក្សាថ្មីមួយបានរកឃើញថា មធ្យោបាយនេះទំនងជា នឹងមិនជោគជ័យដូចមនុស្សភាគច្រើនរំពឹងទុកនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ ព័ត៌មាន Space នៅល្ងាចថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។

ការសិក្សាថ្មីខាងលើបានលើកឡើងថា អាចម៍ផ្កាយនឹងមិនបែកទៅជាកម្ទេចកម្ទីរាយប៉ាយ ដូចនឹងអ្វីដែលគំរូ សិក្សាពីមុនៗមកបានអះអាងនោះទេ ដោយនៅក្រោយការប៉ុនប៉ងកម្ទេចពួកវា កម្លាំងទំនាញនៃដុំថ្មទាំងនោះ នឹងនៅតែមានអានុភាពគ្រប់គ្រាន់ ដើម្បីស្រូបទាញកម្ទេចកម្ទីទាំងប៉ុន្មានមកប្រមូលផ្តុំគ្នាវិញដដែល។ លទ្ធផល សិក្សានេះបានរកឃើញទៀតថា អាចម៍ផ្កាយគឺមានភាពរឹងមាំឆ្ងាយជាង ការរំពឹងទុករបស់អ្នកវិទ្យាសាស្រ្ត និងតម្រូវឲ្យមានថាមពលខ្លាំងក្លា ដើម្បីអាចធ្វើឲ្យពួកវាបែកខ្ចាត់ខ្ចាយ ទៅជាកម្ទេចកម្ទីតូចៗទាំងស្រុងបាន។

គួរជម្រាបថា ក្រៅពីការបាញ់កម្ទេចពួកវា អ្នកវិទ្យាសាស្រ្តក៏មានវិធីសាស្រ្តដទៃទៀតផងដែរ បើសិនជាមានករណី ដែលអាចម៍ផ្កាយនឹងមកបុកផែនដីរួមមានដូចជា ពួកគេនឹងរិះរកមធ្យោបាយដើម្បីធ្វើឲ្យថ្មទាំងនោះ ខ្ទាតចេញពី គន្លងគោចររបស់វាផុតចេញពីផែនដី ប៉ុន្តែរឿងនេះក៏ទំនងជានឹងងាយប៉ុន្មាននោះដែរ។

យ៉ាងណាមិញ អាចម៍ផ្កាយមិនត្រឹមជាការគំរាមកំហែងនោះទេ តែពួកវាក៏បង្កការងឿងឆ្ងល់ ចំពោះអ្នកវិទ្យា សាស្រ្តថែមទៀតផង ព្រោះថ្មអវកាសទាំងនេះ គឺជារបស់សល់ពីការកកើតឡើងនៃប្រព័ន្ធព្រះអាទិត្យ ហើយ មនុស្សលោកយើងក៏សង្ឃឹមផងដែរថា ថ្ងៃណាមួយពួកវាអាចក្លាយជាប្រភពធនធាននាពេលអនាគត សម្រាប់ ក្រុមហ៊ុនដែលចង់ប្រមែប្រមូលទឹក ឬក៏លោហៈធាតុរបស់ពួកវា៕

You might also like More from author