អាចម៍​​​ផ្កាយ Bennu បង្ហាញ​​សកម្មភាព​​ចម្លែក​​ខ្លាំង ធ្វើឲ្យ​អ្នក​​វិទ្យាសាស្ត្រ​​បកស្រាយ​​មិន​ចេញ!

(វ៉ាស៊ីនតោន)៖ មានដឹងដែរ ឬអត់ថាអាចម៍ផ្កាយ Bennu ដែលស្ថិតក្រោមការសិក្សារបស់យានអវកាស NASA កំពុងវិលកាន់តែលឿនទៅៗ ដោយប្រការនេះធ្វើឲ្យអ្នកវិទ្យាសាស្រ្តងឿងឆ្ងល់ជាខ្លាំង។ នេះបើតាមការដកស្រង់ ការផ្សាយចេញពី វែបសាយព័ត៌មានវិទ្យាសាស្រ្ត-អវកាស Space នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩។

បើតាមការឲ្យដឹងពីអ្នកវិទ្យាសាស្រ្ត ពេលវេលានៅលើអាចម៍ផ្កាយ Bennu កាន់តែខើចទៅៗ ហើយពួកគេកំពុង ព្យាយាមស្វែងរកចម្លើយថា មកពីមូលហេតុអ្វី។ ឥឡូវនេះរង្វិលជុំរបស់ Bennu គឺមានរយៈពេល ៤.៣ម៉ោង ក៏ប៉ុន្តែបើតាមរយៈការវិភាគលើទិន្នន័យប្រមូលបានមុនដែលពេលយាន OSIRIS-REX ទៅដល់អាចម៍ផ្កាយ Bennu នោះ នបង្ហាញថា រង្វិលជុំរបស់វាកំពុងតែកើនឡើងល្បឿន គឺប្រហែល ០១វីនាទីជារៀងរាល់មួយសតវត្សរ៍។

គួរជម្រាបថា ការស្រាវជ្រាវថ្មីនេះបានយោងទៅលើទិន្នន័យ ដែលប្រមូលបានដោយប្រព័ន្ធតេឡេស្កូបចំនួន ០២ នៅលើផែនដីកាលពីចន្លោះឆ្នាំ១៩៩៩ និងឆ្នាំ២០០៥ និងដោយកែវយឺតអវកាស Hubble។ យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្តនឹងអាចធ្វើការស្វែងយល់កាន់តែច្បាស់ថែមទៀតអំពី Bennu ស្របដែលពេលយាន OSIRIS-REX នឹងចំណាយពេលសិក្សាលើវាសម្រាប់រយៈពេលយ៉ាងតិចក៏ ០២ឆ្នាំ។

យាន OSIRIS-REX បានទៅដល់អាចម៍ផ្កាយ Bennu ដែលមានមុខកាត់ប្រវែងជាង ៥០០ម៉ែត្រ និងនៅចម្ងាយ ៣០០,០០០គីឡូម៉ែត្រពីផែនដី កាលពីចុងឆ្នាំ២០១៨ ហើយយានអវកាសនេះនឹងនាំយកគំរូតាងរបស់វា ត្រឡប់ មកដល់ផែនដី នៅខែកញ្ញា ឆ្នាំ២០២៣៕

You might also like More from author