ក្រុមអ្នក​វិទ្យាសាស្ត្រ៖ ៣០ឆ្នាំ​ចុងក្រោយ​​នេះ គឺជា​អំឡុង​ពេល​​ដែល​មាន​អាកាសធាតុ​ក្តៅ​​បំផុត​​ក្នុង​រយៈ​ពេល​២,០០០ឆ្នាំ​មកនេះ

(ប៉េកាំង)៖ ការសិក្សាស្រាវជ្រាវរួមគ្នាមួយរបស់ក្រុមអ្នកវិទ្យាសាស្ត្រចិន និងសហរដ្ឋអាមេរិក បានរកឃើញថា រយៈពេល ៣០ឆ្នាំចុងក្រោយនេះ គឺជាពេលដែលអាកាសធាតុក្ដៅបំផុត បើគិតក្នុងអំឡុងពេល ២,០០០ឆ្នាំកន្លង មកនេះ ដោយសារឥទ្ធិពលនៃឧស្ម័នផ្ទះកញ្ចក់ ដែលបង្កឡើងពីសកម្មភាពមនុស្សបន្តិចម្តងៗ។ នេះបើតាមការ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩។

អស់រយៈពេលប្រមាណ ២,០០០ឆ្នាំកន្លងទៅប្រព័ន្ធអាកាសធាតុភពផែនដីបានផ្លាស់ប្ដូរពីការរងផលប៉ះពាល់ ដោយសារកត្តាធម្មជាតិតែមួយមុខគត់ ទៅជាការរងផលប៉ះពាល់ពីឧស្ម័នផ្ទះកញ្ចក់ដែលកើតចេញពីសកម្មភាព មនុស្សថែមទៀត ប៉ុន្តែមុនការសិក្សាស្រាវជ្រាវថ្មីនេះកំណត់ត្រាស្តីពីស្ថានភាពអាកាសធាតុនៃភពរបស់យើង គឺមានអាយុកាលត្រឹមតែ១,០០០ប៉ុណ្ណោះនៅតាមទ្វីបមួយចំនួន ខណៈការសិក្សាថ្មីនេះអ្នកវិទ្យាសាស្រ្តបានទទួល លទ្ធផល តាមរយៈការស្រាវជ្រាវទៅលើគំរូស្លាកស្នាមមួយ ដែលប្រមូលបានពីបឹងមួយកន្លែងក្នុងខេត្ត យូនណាន (Yunnan) ភាគនិរតីប្រទេសចិន។

បើតាមអ្នកវិទ្យាសាស្រ្តនៃក្រុមស្រាវជ្រាវខាងលើ តំបន់ខ្ពស់ៗគឺងាយនឹងទទួលរងឥទ្ធិពលពីបម្រែបម្រួលអាកាស ដោយកត្តាធម្មជាតិចម្បងៗគេ ដែលធ្លាប់តែប៉ះពាល់ដល់អាកាសធាតុគឺ វិទ្យុសកម្មរបស់ព្រះអាទិត្យ ហើយនិង សកម្មភាពបន្ទុះភ្នំភ្លើង ក៏ប៉ុន្តែមកដល់ចុងសតវត្សរ៍ទី ២០ ឧស្ម័នផ្ទះកញ្ចក់ដែលកើតឡើងចេញពីសកម្មភាព មនុស្ស បានក្លាយជាមូលហេតុធំជាងគេបំផុត នៃការកើនឡើងសីតុណ្ហភាពទូទាំងពិភពលោក។

គួរជម្រាបថា របាយការណ៍នៃការសិក្សាស្រាវជ្រាវខាងលើ ត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដីអន្តរជាតិ Earth and Planetary Science Letters ស្ដីពីបញ្ហាក្នុងខែមីនា ឆ្នាំ២០១៩នេះ។ ការសិក្សាស្រាវជ្រាវនេះទៀត ធ្វើឡើង ក្រោមការដឹកនាំដោយ មន្ទីរពិសោធន៍បរិស្ថានរបស់រដ្ឋចិន (State Key Laboratory of Lake Science and Environment) ដែលសិ្ថតនៅក្រោមគ្រប់គ្រងរបស់រាជបណ្ឌិតសភាវិទ្យាសាស្ត្រចិន សហការជាមួយអ្នក ជំនាញមកពីសាកលវិទ្យាល័យអាមេរិក Columbia University៕

You might also like More from author