ថ្ម iPhone មាន​បញ្ហា ខណៈ​ក្រុម​ហ៊ុន Apple នៅ​ប្រទេស​ចិន ព្រម​ធ្វើ​ការ​ផ្លាស់​​ប្តូរ​ថ្ម​​ជូន​អតិ​ថិ​ជន iPhone 6s ទាំង​អស់

(ប៉េកាំង)៖ សាខាក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន បានប្រកាសថា នឹងធ្វើការផ្លាស់ប្តូរថ្មដល់អតិថិជន​ ទូរស័ព្ទដៃ iPhone ម៉ូដែលមួយចំនួន ដែលបានរលត់ភ្លាមៗដោយមិនដឹងមូលហេតុ។ នេះបើតាមការ​ចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនា រសៀលថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។

អតិថិជនចិននៅទូទាំងប្រទេស បានបង្ហាញពីការត្អូញត្អែរ តាមរយៈបណ្តាញទំនាក់ទំនង​សង្គម Weibo ថាទូរស័ព្ទដៃ iPhone 6s របស់ពួកគេនៅសុខៗ​ស្រាប់តែរលត់បិទភ្លាមៗ ទោះបីជាថ្មទូរស័ព្ទ​​នៅសល់​ដល់​ទៅ ៥០ភាគរយក៏ដោយ ហើយនៅដើមសប្តាហ៍មុននេះ សមាគមអ្នកប្រើប្រាស់​ចិន «China Consumer Association» បានផ្ញើលិខិតទៅកាន់​ក្រុមហ៊ុន Apple ដើម្បីទាមទារឲ្យ​មានបញ្ជាក់ អំពីបញ្ហានេះជាផ្លូវការ។

មកដល់ព្រឹកថ្ងៃចន្ទសប្តាហ៍ថ្មីនេះ សាខាក្រុមហ៊ុនសញ្ញាផ្លែប៉ោម​​នៅប្រទេសចិន បានយល់ព្រមធ្វើការ​ផ្លាស់ប្តូរ​​ថ្មថ្មី​ ដោយឥតគិតថ្លៃ ចំពោះទូរស័ព្ទដៃ iPhone 6s ដែលត្រូវបានផលិតឡើង​ នៅចន្លោះខែ​កញ្ញា​និងខែតុលា ឆ្នាំ២០១៥ ប៉ុន្តែ iPhone ម៉ូដែលផ្សេងទៀត ដែលជួបបញ្ហាដូចគ្នានោះ មិនត្រូវបានរាប់បញ្ចូល​​នៅក្នុងគំរោងផ្លាស់​ប្តូរបច្ចុប្បន្ននេះឡើយ។ យ៉ាងណា​ក៏ដោយក្រុមហ៊ុន Apple សាខាប្រទេសចិន មិនបានបញ្ជាក់ថា​ដោយ​សារថ្មមានបញ្ហា ឬក៏មកពីទូរស័ព្ទមានបញ្ហាអ្វី​​ឲ្យប្រាកដនោះឡើយ៕

You might also like More from author