ងាកពីការផលិតគ្រាប់មីស៊ីល កូរ៉េខាងជើងបង្អួត iPad ដំបូងផលិតក្នុងស្រុក ​​យកគំរូតាមផលិតផល Apple ​

(ព្យុងយ៉ាង)៖ បើទោះជាកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចជុំទិស ពីអន្តរជាតិក៏ដោយ តែកូរ៉េខាងជើងនាពេលថ្មីៗនេះ បានបង្កឱ្យពិភពលោកមានការភ្ញាក់ផ្អើលសាជាថ្មី តាម រយៈការដាក់តាំងបង្ហាញបច្ចេកវិទ្យា iPad ដ៏អស្ចារ្យរបស់ខ្លួនផលិតនៅក្នុងស្រុក នៅលើទស្សនាវដ្ដី Foreign Trade ដោយយកគំរូតាមផលិតផល ក្រុមហ៊ុនអាមេរិក Apple មានឈ្មោះថា iPad ឬ Ryonghung iPad។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Engadget ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមគេហទំព័រ Engadget Tablet Ryonghung iPad របស់ក្រុមហ៊ុនរដ្ឋកូរ៉េខាងជើង Myohyang IT មានមុខងារស្ដុកទុកទិន្នន័យ ក៏ដូចជាអានព័ត៌មាន ឬឯកសារឌីជីថល ហើយមិនតែប៉ុណ្ណោះ Tablet នេះថែមទាំងមានបំពាក់កម្មវិធីការិយាល័យ ព្រមទាំងអាចធ្វើតេស្ដរោគវិនិច្ឆ័យជំងឺរហូតដល់ ១,២០០ប្រភេទ និងមានកម្មវិធីច្រើនជាង៤០ ទៀតផង ។ ជាងនេះទៅទៀត ក្រៅតែពីមានរូបរាង និងកម្មវិធីសឹងតែដូចគ្នានឹង iPad របស់ក្រុមហ៊ុន Apple Ryonghung iPad មាន CPU 1GHz, Ram 1 GB, អង្គចង ចាំនៅក្នុងម៉ាស៊ីន 8GB, អាចដាក់អង្គចងចាំបន្ថែម 16GB ហើយមានអេក្រង់៨អ៊ីង និងទម្ងន់២៥០ក្រាម។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេ ដែលកូរ៉េខាងជើង ចម្លងបចេ្ចកវិទ្យារបស់ក្រុមហ៊ុន Apple ពោលគឺកាលពីឆ្នាំមុន ទីក្រុងព្យុងយ៉ាង ក៏ធ្លាប់បានចម្លងបច្ចេកវិទ្យា Linux និង Mac OS X ផងដែរ ប៉ុន្តែខាងក្រុមហ៊ុន Apple ពុំទាន់មានប្រតិកម្មអ្វីនោះទេ៕

You might also like More from author