ទីបំផុត Apple បញ្ចេញ​លក់ Smart Speaker គុណសម្បត្តិ​ខ្ពស់ និង​ត្រៀម​បង្ហាញ iP​ad Pro ជំនាន់ថ្មី​ពីរម៉ូដែល!

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Apple នៅថ្ងៃចន្ទសប្តាហ៍នេះ បានបង្ហាញពី Smart Speaker របស់ខ្លួនមានឈ្មោះថា HomePod ដែលមានសមត្ថភាពបញ្ជាដោយសំឡេង ក្នុងការដំណើរការកម្មវិធីតន្ត្រី ឬក៏ផ្ញើសារ SMS ដែលនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនយក្សអាមេរិកផ្នែកបច្ចេកវិទ្យាឈានមុខមួយនេះ ប្រកួតប្រជែងជាមួយនឹងផលិតរបស់ ក្រុមហ៊ុន Amazon និងGoogle។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន USTODAY នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំ អ្នកតំណាងផ្នែកទីផ្សារក្រុមហ៊ុន Apple លោក Philip Schiller បានបញ្ជាក់ថា HomePod នឹងត្រូវដាក់លក់ក្នុងតម្លៃ ៣៤៩ដុល្លារ ហើយនឹងត្រូវដាក់លក់មុនគេនៅខែធ្នូខាងមុខនេះ នៅសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី មុននឹងត្រូវចែកចាយនៅទូទាំងពិភពលោក។  HomePod គឺជាប្រភេទ SmartSpeaker មានរាងស៊ីឡាំង និងខ្ពស់ទាបជាង ២០សង់ទីម៉ែត្រ ព្រមទំាងមានមីក្រូហ្វូនចំនួន ០៦ អាចបញ្ជានឹងសំឡេងបាន ដោយសារតែវាមានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាសំឡេង Siri ដែលត្រូវបានតម្លៃផងដែរនៅលើ iPhones និង iPads។

គួរបញ្ជាក់ថា ក្រុមហ៊ុន Apple ក៏កំពុងត្រៀមដាក់តាំងបង្ហាញផងដែរ iPad Pro ជំនាន់ថ្មីរបស់ខ្លួនមានពីរទំហំគឺ iPad Pro ១០.៥អ៊ីញ និង១២.៩អ៊ីញ ដែលដំណើរការដោយកម្មវិធី iOS11។ iPad Pro ១០.៥អ៊ីញ ៦៤GB អាចនឹងត្រូវដាក់នៅសហរដ្ឋអាមេរិកក្នុងតម្លៃប្រមាណជា ៧៩៩ដុល្លារ រីឯ iPad Pro ១២.៩អ៊ីញ ៦៤GB មានតម្លៃ ៩៩៣ដុល្លារ៕

You might also like More from author