ក្រុមហ៊ុន Samsung នឹង​​ទម្លាយ​ពី​មូលហេតុ​​ ដែល​ធ្វើឱ្យ Galaxy Note 7​ ជួបញ្ហា​ នៅក្នុង​​ខែមករានេះ

(សេអ៊ូល)៖ សារព័ត៌មានកូរ៉េខាងត្បូង JoongAng ilbo ផ្អែកលើប្រភពមិនបញ្ជាក់អត្តសញ្ញាណ បានរាយការណ៍ថាក្រុមហ៊ុន Samsung នឹងប្រកាសនៅក្នុងខែមករានេះ ពីលទ្ធផលនៃការស៊ើបអង្កេតស្ដីពីមូលហេតុ ដែលធ្វើឱ្យទូរស័ព្ទដៃទំនើប Galaxy Note 7 មួយចំនួនជួបបញ្ហា។ ប៉ុន្តែព្រមពេលជាមួយគ្នា អ្នកនាំពាក្យក្រុមហ៊ុនទូរស័ព្ទដៃកំពូលលើលោកមួយនេះ បានបដិសេធក្នុងការធ្វើអាត្ថាធិប្បាយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៧។

កាលពីខែតុលា កន្លងទៅ ក្រុមហ៊ុន Samsung ធ្លាប់បានឱ្យដឹងដែរថា កតា្តរួមផ្សំមួយចំនួន អាចជាមូលហេតុធ្វើឱ្យ Galaxy Note 7 ផ្ទុះឆេះ ដែលបានធ្វើឱ្យផលចំណេញ ពីប្រតិបត្តិការអាជីវកម្ម ខាតបង់ដល់ទៅ ៥.១ពាន់លានដុល្លារអាមេរិក រយៈពេលបីត្រីមាស បន្ទាប់ពីក្រុមហ៊ុន សម្រេចចិត្តបញ្ឈប់ការលក់ទាំងស្រុង នូវទូរស័ព្ទ Galaxy Note 7 កាលពីខែតុលា។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិនិយោគ និងអ្នកវិភាគលើក្រុមហ៊ុន Samsung ត្រូវតែបញ្ជាក់ពីមូលហេតុ ដែលធ្វើឱ្យ Note 7 ផ្ទុះឆេះ ដើម្បីកសាងឡើងវិញនូវទំនុកចិត្តពីអតិថិជន និងបញ្ជៀសរឿងបែបនេះកើតឡើងសាជាថ្មី។ កន្លងមកក្រុមហ៊ុន Samsung ដែលតែងតែជាប់លេខ១ នៅលើពិភពលោក លើផ្នែកបច្ចេកវិទ្យា និងការបង្កើតថ្មី ដែលមានតម្រូវតាមចិត្តអតិថិជនជានិច្ច ហើយក្រោយពី Galaxy Note 7 ជួយបញ្ហា ក្រុមហ៊ុនក៏បានធ្វើការដោះស្រាយបញ្ហាភ្លាមៗ ដល់អថិជនទាំងអស់ជាទីគាប់ចិត្តផងដែរ៕

You might also like More from author