កូរ៉េ​ខាង​ត្បូង គ្រោង​​រឹត​​បន្តឹង​​ការ​​ធ្វើ​តេស្ត​​ថ្ម​ទូ​រស័ព្ទ​​ដៃ បន្ទាប់​​ពី​​ភ័ព្វ​​វាសនា​​ដ៏​​អាក្រក់​​នៃ​ Galaxy Note 7 របស់ Samsung

(សេអ៊ូល)៖ កូរ៉េខាងត្បូងបានប្រកាសថា នឹងធ្វើការរឹតបន្តឹងផ្នែកតម្រូវការសុវត្ថិភាព នៃថ្មថាមពលប្រភេទ Lithium-ion ហើយនឹងធ្វើការត្រួតពិនិត្យ យ៉ាងល្អិតល្អន់ជាប្រចាំ ដើម្បីជៀសវាងកំហុស ដ៏អាក្រក់ជាថ្មីម្តងទៀត ដែលបានបង្ខំក្រុមហ៊ុន Samsung Electronics ដ៏ល្បី និងធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ដកស្មាតហ្វូន Galaxy Note 7 ចេញពីទីផ្សារទូរស័ព្ទអន្តរជាតិ។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីគេហទំព័របច្ចេកវិទ្យា Tech 2 នៅមុននេះបន្តិច នារសៀលថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលនៃប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុនក៏ដូចជារោងចក្រ ដែលធ្វើការផលិតថ្មប្រភេទ Lithium-ion (ជាទូទៅប្រើប្រាស់ ក្នុងឧបករណ៍ចល័ត) នឹងត្រូវស្ថិតក្រោមការពិនិត្យ ជាប្រចាំដោយដិតដល់ជាទីបំផុត ហើយនាពេលអនាគត ឧបករណ៍ទាំងឡាយ ដែលប្រើប្រាស់ថ្មថាមពល Lithium-ion ក៏ត្រូវឆ្លងកាត់ធ្វើតេស្ត ផ្នែកសុវត្ថិភាពយ៉ាងទៀតទាត់ ជាមុនផងដែរ។

លោក Jeong Marn-Ki អនុរដ្ឋមន្រ្តីក្រសួងខាងលើ បានថ្លែងថា «ពួកយើងបានសំណូមពរឲ្យក្រុមហ៊ុន និងរោងចក្រទាំងអស់ ដែលពាក់ព័ន្ធ មានការយល់ឃើញដូចគ្នាថា ការបង្កើតកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាសុវត្ថិភាព មានសារៈសំខាន់ខ្លាំង មិនខុសពីការអភិវឌ្ឍផលិតផលថ្មីតាមរយៈគំនិតច្នៃប្រឌិតថ្មី នៃបច្ចេកវិទ្យាឡើយ»។

គួររំឭកថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានបង្ខំចិត្តធ្វើការប្រមូលចូលវិញ នូវស្មាតហ្វូន Galaxy Note 7 ជំនាន់ចុងក្រោយបំផុត រាប់លានគ្រឿងកាលពីខែតុលា កន្លងទៅនេះ បន្ទាប់ពីទូរស័ព្ទម៉ូដែលនេះ មួយចំនួនបានជួបបញ្ហា ដោយសារតែកំហុសថ្ម និងបានបណ្តាលឲ្យក្រុមហ៊ុនដ៏ល្បីល្បាញ លំដាប់ថ្នាក់ពិភពលោកនេះ ខាតបង់ប្រាក់ចំណេញជាច្រើន។

ជុំវិញបញ្ហានេះ Samsung និងក្រុមអ្នកស៊ើបអង្កេតឯករាជ្យដទៃទៀត បានឲ្យដឹងកាលពីចុងខែមករា កន្លងទៅថា បញ្ហាថ្មផ្សេងគ្នា មកពីអ្នកផ្គត់ផ្គង់ចំនួនពីររួមមាន Samsung SDI Co LTd និង Amperex Techonology Ltd បានបណ្តាលឲ្យ Galaxy Note 7 មួយចំនួនជួបបញ្ហា។ លើសពីនេះ យោងតាមក្រសួងពាណិជ្ជកម្មដដែល ការស៊ើបអង្កេតដាច់ដោយឡែកមួយទៀត របស់មន្ទីរពិសោធន៍ សម្រាប់ការធ្វើតេស្តកូរ៉េ KTL ក៏មិនបានរកឃើញមូលហេតុណាផ្សេង ដែលបានបង្កឲ្យ Note 7 ជួបបញ្ហាក្រៅពីការរួមបញ្ចូលគ្នា រវាងកំហុសឆ្គងនៃការផលិតនិងរចនា នៅក្នុងថ្មទូរស័ព្ទទាំងនោះដែរ។

ជាមួយគ្នានេះ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បានអះអាងផងដែរថា ខ្លួននឹងធ្វើការឃ្លាំមើលយ៉ាងហ្មត់ចត់ លើកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុន Samsung ក្នុងការបង្កើតសុវត្ថិភាពថ្មទូរស័ព្ទដៃ ដូចជាការធ្វើតេស្ត តាមរយៈកាំរស្មីអ៉ិច និងមានស្តង់ដាតឹងរ៉ឹងជាងមុន នៅអំឡុងដំណាក់កាល នៃការរចនាឡើង៕

You might also like More from author