iPhone ឆ្នាំ២០១៧​ ​ទាំង​បី​ម៉ូ​ដែល នឹង​បំពាក់​​មក​ជា​មួយ​​នូវ «មុខងារ​​សាក​ថ្ម​​ដោយ​ឥត​​ប្រើ​ខែ្ស»

(អាមេរិក)៖ នាពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើន ជុំវិញកត្តាដែលថា ក្រុមហ៊ុននឹងដាក់បង្ហាញនូវទូរស័ព្ទដៃ iPhone ចំនួនបីម៉ូដែល ក្នុងឆ្នាំ២០១៧នេះ ហើយលោក Kuo Ming-Chi ដែលជាអ្នកវិភាគ ដ៏ល្បីល្បាញមួយរូបរបស់ក្រុមហ៊ុន បច្ចេកវិទ្យា KGI Securities ឥឡូវនេះ បានចេញមុខអះអាងបន្ថែមទៀតថា ស្មាតហ្វូនជំនាន់ថ្មីទាំងបីគ្រឿង នឹងមានបំពាក់ មកជាមួយនូវមុខងារសាកថ្ម ដោយឥតប្រើខ្សែ (Wireless Charging)។ នេះបើតាមការប្រភពព័ត៌មាន របស់គេហទំព័របច្ចេកវិទ្យា Mac Rumors នៅរសៀលថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក Kuo បានឲ្យដឹងថា Wireless Charging អាចធ្វើឲ្យសីតុណ្ហភាព នៅក្នុងស្មាតហ្វូនកើនឡើង គួរឲ្យកត់សម្គាល់ ដូច្នេះរូបលោករំពឹងថា iPhone ជាមួយអេក្រង់ប្រភេទ OLED និងតួខ្លួនជាផ្ទាំងកញ្ចក់សុទ្ធ ដែលត្រូវបានគេនិយាយតៗគ្នានោះ នឹងមាន module 3D Touch ថ្មីដើម្បីការពារ iPhone ពីការគាំងឈប់ដំណើរ ដោយសារតែការឡើងកម្តៅខ្លាំង។

module 3D Touch ថ្មីនេះអាចបង្កើនការចំណាយចំនួនប្រាំដុល្លារ សម្រាប់ក្រុមហ៊ុន Apple ដើម្បីទិញក្នុងទូរស័ព្ទដៃមួយគ្រឿងៗ ហើយខណៈវាជាការកើនឡើង ចំណាយតិចតួចយ៉ាងណាក្តី ប្រការនេះអាចជំរុញការជឿទុកចិត្តបន្ថែមទៀត ចំពោះសេចក្តីរាយការណ៍ ដែលបានអះអាងថា ទូរស័ព្ទដៃ iPhone 8 អាចមានតម្លៃថ្លៃរហូតដល់១,០០០ដុល្លារ ក្នុងមួយគ្រឿងនៅសហរដ្ឋអាមេរិក ដោយសារតែការរចនាដ៏ថ្មីសន្លាងរបស់វា អមជាមួយការប្រើប្រាស់ គ្រឿងដែលមានគុណភាពលំដាប់ខ្ពស់។

មួយវិញទៀត លោក Kuo ក៏ធ្លាប់បាននិយាយដែរថា ក្រុមហ៊ុន Apple នឹងផ្លាស់ប្តូរទៅរកការចនា ដោយប្រើប្រាស់ផ្ទាំងកញ្ចក់សុទ្ធ សម្រាប់ត្រកូល iPhone ទាំងអស់ ដែលនឹងបង្ហាញខ្លួន នៅក្នុងឆ្នាំ២០១៧នេះ ដោយរួមមាន iPhone 7s (ផ្ទៃអេក្រង់ទំហំ៤.៧អ៊ីញ) និង iPhone 7s Plus (ផ្ទៃអេក្រង់ទំហំ៥.៥អ៊ីញ) ដែលមានលក្ខណៈស្រដៀងច្រើន ទៅនឹង iPhone 7 និង iPhone 7 Plus បច្ចុប្បន្ន ដើម្បីអាចបំពាក់បច្ចេកវិទ្យា Wireless Charging បាន។

ដោយឡែក គេនៅពុំទាន់ដឹងច្បាស់នៅឡើយទេថា តើការសាកថ្មដោយឥតខ្សែនេះ នឹងធ្វើឡើងតាមលក្ខណៈ Long-Range (ឥតខ្សែហើយពុំទាមទារ ឲ្យស្ថិតនៅលើឧបករណ៍ ជំនួយណាមួយឡើយ) ឬមួយក៏ Inductive Technologies (ឥតខ្សែតែចាំបាច់ត្រូវស្ថិត នៅជាប់ពីលើឧបករណ៍ជំនួយ) នៅឡើយទេ៕

You might also like More from author