Samsung ​ព្រម​លក់​ផ្ទាំង​អេ​ក្រង់ OLED ​​ឲ្យ Apple ក្នុង​​តម្លៃ ៤.៣ពាន់លានដុល្លារ ដើម្បី​បំពាក់​លើ iPhone ឆ្នាំ​២០១៧

(សេអ៊ូល)៖ ក្រុមហ៊ុន Samsung Display ដែលទទួលបន្ទុក ខាងផ្នែកផលិតផ្ទាំងអេក្រង់ ត្រូវគេរាយកាណ៍ថា កិច្ចចុះហត្ថលេខាលើកិច្ចព្រមព្រៀង តម្លៃ៤.៣លានដុល្លារជាមួយក្រុមហ៊ុន Apple ដើម្បីធ្វើការផ្គត់ផ្គង់ផ្ទាំង អេក្រង់ប្រភេទ OLED ចំនួន៦០លានបន្ទះ សម្រាប់ទូរស័ព្ទដៃ iPhone ដែលនឹងចេញលក់ នៅក្នុងឆ្នាំ២០១៧នេះ ហើយនេះគឺជាកិច្ចព្រមព្រៀងទីពីរហើយ ដែលយើងបានដឹងរវាងក្រុម បច្ចេកវិទ្យាដ៏ល្បីបំផុត នៅលើពិភពលោកទាំងពីរនេះ ដោយកិច្ចព្រមព្រៀងលើកទី១ ក្នុងការផ្គត់ផ្គង់ផ្ទាំងអេក្រង់ OLED ចំនួន១០០លានបន្ទះ ត្រូវបានចុះហត្ថលេខា។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីគេហទំព័របច្ចេកវិទ្យា Tech 2 នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ស្របពេលជាមួយគ្នា នាកន្លងទៅថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើន បានលើកឡើងថា ក្រុមហ៊ុន Apple កំពុងរៀបចំគំរោងនឹងដាក់លក់ទូរស័ព្ទដៃ iPhone ស៊េរីថ្មីឆ្នាំ២០១៧ ដោយបំពាក់មកជាមួយនូវអេក្រង់ OLED។ ដោយឡែកពុំមានការបញ្ជាក់ណាមួយថា នឹងផ្គង់ផ្គង់ទៅឲ្យ iPhone ម៉ូដែលនោះឡើយ ប៉ុន្តែកិច្ចព្រមព្រៀងជាមួយ Samsung នេះបានឲ្យដឹងថា យ៉ាងហោចណាស់ក៏មួយម៉ូដែលដែរ នឹងប្រើប្រាស់អេក្រង់ OLED។

គួរបញ្ជាក់ថា យោងតាមការអះអាង ពីប្រភពជាច្រើន ក្រុមហ៊ុន Apple នឹងបញ្ចេញលក់ទូរស័ព្ទដៃ iPhone ដ៏ពិសេសហើយមានគុណភាព លំដាប់ខ្ពស់ (Premium) ដែលបំពាក់ដោយអេក្រង់ OLED មួយម៉ូដែល និងអាចនឹងមានតម្លៃរហូតដល់១០០០ដុល្លារ នៅសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ អ្នកវិភាគក្រុមហ៊ុន Apple លោក Kuo Ming-Chi ក៏បានបង្ហើបអំពីអេក្រង់ OLED កោងនៅលើ iPhone ឆ្នាំ២០១៧ផងដែរ ដែលវាស្រដៀងគ្នា ទៅនឹងទូរស័ព្ទដៃ Galaxy S7 Edge របស់ក្រុមហ៊ុន Samsung៕

You might also like More from author