ទូរស័ព្ទ Huawei P10 នឹង​បង្ហាញ​វត្តមាន​នៅ​ក្នុង​ព្រឹត្តិការណ៍ MWC 2017 នា​ថ្ងៃ​ទី២៦ ខែកុម្ភៈ​នេះ​ ជាមួយ​ជម្រើស​បី​ពណ៌ (Video Inside)

(ប៉េកាំង)៖ ក្រុមហ៊ុន Huawei បានបង្ហោះនូវវីដេអូ Teaser មួយដែលបញ្ជាក់យ៉ាងច្បាស់ថា ទូរស័ព្ទកំពូលរបស់ក្រុមហ៊ុន គឺត្រកូល P10 នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ ទូរស័ព្ទដៃពិភពលោកប្រចាំឆ្នាំ២០១៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកុម្ភៈខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយគេហទំព័របច្ចេកវិទ្យា Tech 2 នៅមុននេះបន្តិច នារសៀលថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។

យ៉ាងណាមិញវីដេអូ Teaser នោះមិនបានបង្ហាញអំពីព័ត៌មានលម្អិតច្រើននោះឡើយ ក៏ប៉ុន្តែវាបានផ្តល់តំរុយខ្លះៗថា ទូរស័ព្ទដៃ Huawei P10 នឹងមានបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះ។ ក្រៅពីនេះក៏មានការលើកឡើង មួយចំនួនដែរថា P10 នឹងមានអេក្រង់ទំហំ៥.២អ៊ីញ ជាប្រភេទ IPS 2K (2560×1440) និងបន្ទះឈីបប្រតិបត្តិការ HiSilicon Kirin 960 ជាគូនឹង GPU Mali-G71 MP8 ហើយមានជម្រើស RAM រហូតដល់ទៅ 6G។

គួរបញ្ជាក់ថា យោងតាមការបង្ហោះរបស់គណនី Huawei ផ្ទាល់នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ទូរស័ព្ទដៃ P10 នឹងមានពណ៌យ៉ាងហោចណាស់ក៏៏បីដែរ គឺ ខៀវ បៃតង និងមាស សម្រាប់ឲ្យអ្នកប្រើប្រាស់អាចជ្រើសរើសបាន ជាហេតុធ្វើឲ្យមនុស្សមួយចំនួន យល់ថាពណ៌សនិងពណ៌ខ្មៅ ទំនងជាហួសសម័យហើយនា ពេលបច្ចុប្បន្នសម្រាប់ស្មាតហ្វូន៕

You might also like More from author