ឥណ្ឌា​មាន​មហិច្ឆតា​ធំៗ​បន្ថែម​​ទៀត​ក្រៅ​ពី​ព្រះច័ន្ទ នោះ​គឺ​​ការ​​​ស្រាវជ្រាវ​​ភពអង្គារ សុក្រ និង​ទីអវកាស

(ញូដេលី)៖ ខណៈបេសកកម្មចុះចតនៅឋានព្រះច័ន្ទ Chandrayaan-2 របស់ឥណ្ឌា បានជួបបញ្ហាក៏ដោយ ទីភ្នាក់ងារអវកាសឥណ្ឌា ISRO នៅមានគម្រោងប្រកបមហិច្ឆតាជាច្រើនផ្សេងទៀត ដែលនឹងប្រព្រឹត្តទៅជាបន្តបន្ទាប់ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩។

កាលពីឆ្នាំ២០០៩ ឥណ្ឌាបានបញ្ជូនយានអវកាសមួយគ្រឿងជាប្រភេទផ្កាយរណប ក្នុងបេសកកម្ម Chandrayaan-1 ឲ្យទៅសិក្សាអំពីព្រះច័ន្ទជាលើកដំបូង។ នៅឆ្នាំនេះ ឥណ្ឌាបានចេញបេសកកម្មជាលើកទីពីរទៅកាន់ព្រះច័ន្ទ (Chandrayaan-2) ដែលមានយានផ្កាយរណបផង និងយានចុះចតផង។ ប៉ុន្តែកាលពីថ្ងៃសៅរ៍សប្តាហ៍មុន យានចុះចតរបស់បេសកកម្ម ក៏បានដាច់ការទាក់ទងនៅកម្ពស់ ២គីឡូម៉ែត្រ ពេលកំពុងព្យាយាមចុះទៅផ្ទៃព្រះច័ន្ទ។ ឥឡូវនេះទីភ្នាក់ងារអវកាស ISRO ទើបតែប្រាប់ថា បានប្រទះឃើញយាននោះនៅលើផ្ទៃព្រះច័ន្ទ តែមិនដឹងច្បាស់ថា ស្ថានភាពទៅជាយ៉ាងណានៅឡើយទេ ដោយពួកគេកំពុងព្យាយាមតភ្ជាប់ទំនាក់ទំនងជាមួយវា ឡើងវិញដែលអាចប្រើពេល ១៤ថ្ងៃជាមួយក្តីសង្ឃឹមតិចតួចបំផុត។

យ៉ាងណាក៏ដោយ ឥណ្ឌាមានគម្រោងបេសកកម្ម Chandrayaan-3 រួចស្រេចទៅហើយ ដែលនឹងប្រព្រឹត្តទៅនៅប៉ុន្មានឆ្នាំទៀត។ ជាមួយគ្នានេះ ឥណ្ឌាក៏មានគោលដៅចង់បញ្ជូនអវកាសយានិក ឲ្យទៅជាន់ដីនៃឋានព្រះច័ន្ទថែមទៀតផង។ ក្រៅពីព្រះច័ន្ទ ឥណ្ឌាមានមហិច្ឆតាចេញបេសកកម្មឆ្លងទៅកាន់ភពដទៃទៀត រួមមានភពអង្គារ (Mars) និងភពសុក្រ (Venus) ជាដើម ហើយឥណ្ឌាក៏ចង់បញ្ជូនអវកាសយានិកទៅកាន់ទីអវកាសផងដែរ។

សម្រាប់បេសកកម្ម Chandrayaan-3 ដែលត្រូវបានគ្រោងនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣ ឥណ្ឌានឹងសហការជាមួយជប៉ុន។ កាលពីឆ្នាំ២០១៤ ឥណ្ឌាធ្លាប់បានទៅដល់ភពអង្គារ តាមរយៈការព្យាយាមជាលើកដំបូង គឺនៅពេលដែលយានអវកាស Mangalyaan 1 ឬ MOM (Mars Orbiter Mission) បានចូលទៅដល់គន្លងរបស់ភពអង្គារ។ ឥណ្ឌាសង្ឃឹមថា នឹងមានបេសកកម្មទៅកាន់ទីនោះជាលើកទីពីរហៅថា Mars Orbiter Mission 2 ឬ Mangalyaan 2 ខណៈការចេញបេសកកម្មនេះគឺនៅឆ្នាំ២០២២ ឬអាចយូរជាងនេះ បន្ទាប់ពីខ្លួនបានទទួលជោគជ័យបញ្ជូនផ្កាយរណប Mangalyaan ទៅដល់ភពអង្គារ និងថតរូប ផ្ញើមកផែនដីវិញកាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៤។

ឥណ្ឌានៅមានបេសកកម្មជាច្រើនទៀតរួមមាន Aditya-L1 ដែលនឹងប្រព្រឹត្តនៅឆ្នាំ២០២០ ដើម្បីសិក្សាពីស្រទាប់ខាងលើបំផុត ឬបរិយាកាសរបស់ព្រះអាទិត្យ និងបេសកកម្មមួយទៀតហៅថា XPoSat ដើម្បីស្រាវជ្រាវបាតុភូតម៉្យាងនៅឆ្នាំ២០២១។ ឥណ្ឌាក៏មានបេសកកម្មហៅថា Shukrayaan 1 ដើម្បីទៅសិក្សាភពសុក្រផងដែរ។

គួរជម្រាបថា ឥណ្ឌាគ្រោងបញ្ជូនអវកាសយានបន្ថែមទៀតឲ្យធ្វើដំណើរទៅកាន់ទីអវកាស ដែលអាចនឹងចាប់ផ្តើមកើតមានឡើងនៅឆ្នាំ២០២២ ខណៈមកទល់ពេលនេះ មានជនជាតិឥណ្ឌាតែ ០២រូបប៉ុណ្ណោះ ដែលធ្លាប់បានធ្វើដំណើរទៅកាន់ទីអវកាស គឺលោក Rakesh Sharma ក្នុងបេសកកម្មយាន Soyuz របស់សូវៀត (រុស្ស៊ី) កាលពីឆ្នាំ១៩៨៤ និងលោកស្រី Kalpana Chawla ដែលធ្លាប់ឡើងទៅទីអវកាសបានពីរលើកជាមួយ ទីភ្នាក់ងារអវកាសអាមេរិក NASA ប៉ុន្តែលោកស្រីបានបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះយាន Columbia កាលពីឆ្នាំ២០០៣៕

You might also like More from author