អាចម៍​ផ្កាយ​ធំៗ​ពីរ​ហោះ​កាត់​ផែនដី​នា​ចុង​សប្តាហ៍​នេះ តែ​មិន​បង្ក​ការ​គំរាម​កំហែង​អ្វី​ឡើយ

(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា អាចម៍ផ្កាយធំៗចំនួនពីរ ក្នុងនោះមួយដុំបានហោះ កាត់ផែនដី កាលពីប៉ុន្មានម៉ោងមុននេះ និងមួយដុំទៀតនឹងហោះកាត់តាមក្រោយនៅព្រឹកស្អែក។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

អាចម៍ផ្កាយទាំងពីរមានឈ្មោះថា 2010 C01 និង 2000 QW7 ដែលត្រូវបានអង្គការ NASA តាមអង្កេតជាប់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយគន្លងរបស់ពួកវាក៏ត្រូវបានគេដឹងច្បាស់ផងដែរ។ បើតាម NASA អាចម៍ផ្កាយ 2010 C01 ដែលមានទំហំចន្លោះ១២០-២៦០ម៉ែត្រ បានហោះកាត់ផែនដី កាលពីវេលាម៉ោង ១១៖៤ ២នាទីយប់ថ្ងៃសុក្រ ពោលគឺប៉ុន្មានម៉ោងមុនេះ រីឯអាចម៍ផ្កាយទីពីរ គឺ 2000 QW7 ដែលមានទំហំចន្លោះ ២៩០-៦៥០ម៉ែត្រ នឹងមកហោះកាត់ផែនដីយើងដែរ នៅវេលាម៉ោង០៧៖៥៣នាទីយប់ថ្ងៃសៅរ៍ ដែលត្រូវនឹងម៉ោង០៦៖៤៣នាទីព្រឹកថ្ងៃអាទិត្យនៅកម្ពុជាយើង។

គួរជម្រាបថា ចម្ងាយហោះកាត់របស់ពួកវាជាមួយផែនដី គឺស្មើនឹងចម្ងាយរវាងផែនដីនិងព្រះច័ន្ទប្រមាណ១៤ដង គឺប្រហែល៥.៦លានគីឡូម៉ែត្រឯណោះ។ អាចម៍ផ្កាយទាំងពីរ ស្ថិតក្រោមកម្មវិធីមួយរបស់អង្គការ NASA ដែលជាការតាមដានអាចម៍ផ្កាយ ដែលគោចរជុំវិញព្រះអាទិត្យ ហើយហោះកាត់ផែនដីក្នុងគម្លាត៤៨លាន គីឡូម៉ែត្រចុះក្រោម៕

You might also like More from author