អាចម៍​ផ្កាយ​មួយ​អាច​ត្រូវ​ចាត់​ថ្នាក់​ឡើង​វិញ ហើយ​ជាប់​ឈ្មោះ​ជា «ភព​មិន​ពេញ​លក្ខណៈ» តូច​ជាង​គេ​បំផុត ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ

(បរទេស)៖ អាចម៍ផ្កាយមានឈ្មោះថា Hygiea ដែលជាដុំថ្មអវកាសធំមួយ នៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ ដែលស្ថិតនៅចន្លោះភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter) នោះ អាចនឹងត្រូវចាត់ថ្នាក់ឡើងវិញ បន្ទាប់ពីទិន្នន័យថ្មីនៃការអង្កេតបានបង្ហាញថា វាអាចជាភពមិនពេញលក្ខណៈដែលគេហៅថា Dwarf Planet។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩។

យោងតាមលទ្ធផលស្រាវជ្រាវថ្មី ដែលចុះផ្សាយលើទស្សនាវដ្តីធម្មជាតិតារាសាស្រ្ត នាដើមសប្តាហ៍នេះ បានឲ្យដឹងថា Hygiea ដែលជាអាចម៍ផ្កាយធំជាងគេទី៤ នៅតំបន់ Main Asteroid Belt គឺជាអាចម៍ផ្កាយ តែមួយគត់ ដែលគេដឹងថាសមាសធាតុផ្សំនៃផ្ទៃស្រទាប់ខាងលើរបស់វា គឺស្រដៀងទៅនឹងភពមិនពេញ លក្ខណៈឈ្មោះ Ceres ដែលនៅតំបន់ជាមួយគ្នានេះ ដែលជាហេតុធ្វើឲ្យគេសង្ស័យថា វត្ថុទាំងពីរទំនងជាមាន ប្រភពដូចគ្នា។ ទិន្នន័យអង្កេតថ្មីនេះ គឺបានមកពីប្រព័ន្ធតេឡេស្កូប VLT ដែលស្ថិតនៅឯតំបន់វាលខ្សាច់ Atacama ប្រទេសឈីលី។

គួរជម្រាបថា បើអាចម៍ផ្កាយ Hygiea ត្រូវចាត់ថ្នាក់សាជាថ្មីមែន វានឹងជំនួសតំណែងរបស់ Ceres ក្លាយជា «ភពមិនពេញលក្ខណៈ ឬ Dwarf Planet» ដែលមានទំហំតូចជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ Ceres មានអង្កត់ផ្ចិតប្រវែង៩៥០គីឡូម៉ែត្រ ខណៈ Hygiea មានមុខកាត់ប្រហែលប្រវែង៤៣០គីឡូម៉ែត្រប៉ុណ្ណោះ។ បច្ចុប្បន្ន Ceres គឺជា Dwarf Planet តែមួយកត់ ដែលស្ថិតក្នុងចំណោមដុំថ្មអវកាសធំៗជាងគេទាំង៤ នៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយដែលនៅចន្លោះ Mars និង Jupiter។ ក្រៅពី Hygiea និង Ceres ដុំថ្មអវកាសធំៗ ទាំងពីរផ្សេងទៀតគឺអាចម៍ផ្កាយ Vesta និង Pallas។ រីឯ Pluto ដែលធ្លាប់ត្រូវគេចាត់ទុកថា ជាភពទី៩របស់ប្រព័ន្ធ ព្រះអាទិត្យ ក៏ជា «ភពមិនពេញលក្ខណៈ» ដែរ។ Pluto ស្ថិតនៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយមួយទៀត ដែលនៅឆ្ងាយហៅថា Kuiper Belt ហើយវាមានអង្កត់ផ្ចិតដល់ទៅ២,៤០០គីឡូម៉ែត្រ៕

You might also like More from author