យានអវកាសរបស់ SpaceX មួយគ្រឿងនេះ នឹង​ដឹក​អ្នក​ទេសចរ​​៤នាក់ ឡើង​ទៅ​កម្សាន្ត​នៅ​ទីអវកាស​នៅ​ឆ្នាំ២០២១

(អាមេរិក)៖ ក្រុមហ៊ុនអវកាស SpaceX នៅសហរដ្ឋអាមេរិក ទើបតែសម្រេចបាន​កិច្ចព្រមព្រៀងដំបូង ដើម្បីបញ្ជូនក្រុមអ្នកទេសចរ​ឡើងទៅទីអវកាស តាមរយៈយានអវកាស Crew Dragon ឬយាននាគ។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅរសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រុមហ៊ុន SpaceX ដែលបង្កើតឡើងដោយមហាសេដ្ឋីអាមេរិកលោក អេឡុន ម៉ាសក៍ (Elon Musk) បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទេសចរណ៍​នៅទីអវកាសមួយ មានឈ្មោះថា Space Adventures ដែលជាក្រុមហ៊ុនអាមេរិកដូចគ្នា ដើម្បី​នាំយកអ្នកទេសចរចំនួន ០៤នាក់ទៅធ្វើដំណើរកម្សាន្តក្នុងគន្លងគោចរជុំវិញភពផែនដី ដោយជិះនៅលើយានអវកាស Crew Dragon របស់ក្រុមហ៊ុន SpaceX។

បើតាមអ្នកតំណាងក្រុមហ៊ុន Space Adventures ដំណើរកម្សាន្តនៅទីអវកាសខាងលើ អាចប្រព្រឹត្តទៅឆាប់បំផុត គឺនៅកំឡុងចុងឆ្នាំក្រោយ (ឆ្នាំ២០២១) ហើយ​ការធ្វើដំណើរទេសចរណ៍នេះ ពុំមានការឆ្ពោះទៅស្ថានីយអវកាសអន្តរជាតិ ISS នោះឡើយ។

គួរជម្រាបថា គិតមកទល់ពេលនេះក្រុមហ៊ុនទេសចរណ៍ Space Adventures ធ្លាប់បានរៀបចំការធ្វើដំណើរឡើងទៅកាន់ស្ថានីយ ISS ចំនួន ០៨លើក សម្រាប់អតិថិជន ០៨នាក់រួមមាន៖ លោក ឌែននីស ទីតូ (Dennis Tito) នៅឆ្នាំ២០០១, លោក ម៉ាក សាត់ថលវើសត៍ (Mark Shuttleworth) នៅឆ្នាំ២០០២, លោក ហ្គ្រេក អូលសិន (Greg Olsen) នៅឆ្នាំ២០០៥, លោកស្រី អានួហ្សេហ៍ អានសារី (Anousheh Ansari) នៅឆ្នាំ២០០៦, លោក ឆាឡេស ស៊ីម៉ុនយី (Charles Simonyi) នៅឆ្នាំ២០០៧ និងឆ្នាំ២០០៩, លោក រីឆាដ ហ្គារីយ៉ូត (Richard Garriott) ឆ្នាំ២០០៨ និងលោក ហ្គាយ ឡាលីបឺត (Guy Laliberte) ឆ្នាំ២០០៩ ដែលសុទ្ធតែជាអ្នកមានៗ ខណៈតម្លៃសំបុត្រគឺរាប់សិបលានដុល្លារ។

សម្រាប់គម្រោងទេសចរណ៍ នៅទីអវកាសតាមយាន Crew Dragon នៅចុងឆ្នាំ២០២១ គឺពុំទាន់មានការបង្ហើបឲ្យដឹងពីតម្លៃសំបុត្រនៅឡើយទេ ប៉ុន្តែវានឹងក្លាយជាក្តីរំភើបមួយ​សម្រាប់ដំណើរទេសចរណ៍នៅទីអវកាស ដែលមនុស្សម្នាលើផែនដី​ទន្ទឹងរង់ចាំឲ្យវាក្លាយជាការពិត៕

You might also like More from author