NASA បង្ហាញ​រូបភាព​អស្ចារ្យ​ចុងក្រោយ នៃភពសៅរ៍ ដែល​យាន Cassini ថត​បាន​មុន​​​រំលាយ​ខ្លួន

(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានចេញផ្សាយជាសាធារណៈនូវសន្លឹករូបភាពចុងក្រោយនៃភពសៅរ៍ (Saturn) ដែលបន្សល់ទុកដោយអតីតយានអវកាស Cassini។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានអង់គ្លេស Mirror នៅរសៀលថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

យានអវកាស Cassini របស់អង្គការ NASA បានទម្លាក់ខ្លួនកម្ទេចចោលនៅលើផ្ទៃភពសៅរ៍ កាលពីខែកញ្ញាកន្លងទៅ បន្ទាប់ពីបានចំណាយ ១៣ឆ្នាំ ធ្វើការសិក្សាស្រាវជ្រាវទៅលើភពឧស្ម័យក្សនេះ។ នៅមុនពេលរលាយសាបសូន្យទៅ Cassini បានបាញ់បញ្ជូនរូបភាពដាច់ដោយឡែកពីគ្នាចំនួន ៤២សន្លឹក របស់ Saturn ដែលយានអវកាសនេះថតយកបាន នៅក្នុងអំឡុងថេរវេលា ០២ម៉ោង។ បន្ទាប់មក ក្រុមអ្នកវិទ្យសាស្រ្តរបស់ NASA ក៏បានប្រើប្រាស់រូបថតជាង ៤០ផ្ទាំងនោះ ដើម្បីបង្កើតរូបភាពអស្ចារ្យចុងក្រោយមួយ នៃភពសៅរ៍។

គួរជម្រាបថា យានអវកាស Cassini ត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ១៩៩៧ និងបានធ្វើគោចរជុំវិញភពសៅរ៍ ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៧។ បេសកកម្មដ៏សំខាន់នេះ បានបង្កើតរបកគំហើញពិសេសៗជាច្រើន រួមមានទាំងសកម្មភាពភូមិសាស្រ្តដ៏គួរឲ្យភ្ញាក់ផ្អើលនៅលើ Enceladus ដែលជាព្រះច័ន្ទរបស់ Saturn ព្រមទាំងសមុទ្រដែលពោពេញទៅដោយសារធាតុរាវមេតាន នៅលើព្រះច័ន្ទដ៏ធំបំផុតរបស់ Saturn គឺ Titan។

ព្រះច័ន្ទទាំង០២នេះហើយ ដែលជានមូលហេតុនៅពីក្រោយមធ្យោបាយ នៃការបញ្ចប់បេសកកម្មរបស់ Cassini ដែលត្រូវបានជ្រើសរើសឲ្យទម្លាក់ខ្លួនកម្ទេចចោល ចូលទៅក្នុងបរិយាកាសរបស់ភពសៅរ៍ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីបញ្ចៀសហានិយភ័យនៃការបំពុលព្រះច័ន្ទ Enceladus និង Titan ដែលជាគោលដៅស្រាវជ្រាវដ៏សំខាន់នាថ្ងៃអនាគត។

គួរបញ្ជាក់ថា វាជារឿងធម្មតានោះទេ សម្រាប់រូបភាពនៅទីអវកាសមួយចំនួន ដូចជារូបភាពភពផែនដីជាដើម ដោយទម្រាំបានរូបថតផែនដីពេញលេញមួយសន្លឹក គឺត្រូវបានឲ្យផ្កាយរណប ឬយានណាមួយ ថតរូបភាពគ្រប់ជ្រុងជាច្រើនសន្លឹក ដើម្បីយកមកផ្គុំបញ្ចូលគ្នាតាមប្រព័ន្ធកុំព្យូរទ័រ ទើបបានជារូបភាពពេញលេញមួយសន្លឹក ដែលមានគុណភាពខ្ពស់៕

You might also like More from author