ស្វែងយល់​អំពី​​ទំនាក់​ទំនង​រវាង​ យានអវកាស​នានា និង​ ភពផែនដី ព្រមទាំង​ថាមពល​​​ដែល​ត្រូវ​បាន​​ប្រើប្រាស់!

(បរទេស)៖ ដោយសារតែបងប្អូនមួយចំនួន តែងតែសួរសំនួរនេះមក Cambo Space ដូច្នេះសារព័ត៌មានរបស់យើងខ្ញុំ សូមធ្វើការបកស្រាយជូនបងប្អូនបានយល់បន្ថែមតែម្តង អំពីរបៀបនៃការបញ្ជូនទិន្នន័យដូចជា សំឡេង រូបភាព និងរលកសញ្ញា ពីយានអវកាស ឬផ្កាយរណបឆ្ងាយៗ មកកាន់ភពផែនដីវិញ ព្រមទាំងថាមពលដែលយានទាំងនោះប្រើប្រាស់ ដើម្បីធ្វើការចល័តខ្លួនពាសពេញទីអវកាស នោះផងដែរ។ នេះបើតាមប្រភពពីវែបសាយ Space ដែលត្រូវបានដកស្រង់នៅរសៀលថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

១៖ របៀបនៃការបញ្ជូនទិន្នន័យ និងការបញ្ជាពីផែនដីទៅយានអវកាស៖ យើងនិយាយដំបូងអំពីផ្កាយរណបជុំវិញផែនដី គឺវាបញ្ជូនទិន្នន័យមកផែនដីវិញ តាមរយៈរលកវិទ្យុសកម្ម (Radio Waves) ទៅកាន់អង់តែនទទួលសញ្ញា (ចានផ្កាយរណប) នៅលើផែនដីផ្ទាល់ ហើយប្រព័ន្ធកុំព្យូទ័រនៅលើផែនដី ជាអ្នកទទួលយកទិន្នន័យទាំងនោះ ដើម្បីបំលែងចេញទៅជា រូបភាព ឬសំឡេង ទៅតាមមុខងារ ដែលផ្កាយរណបនៅគន្លងគោចរទាំងនោះ ត្រូវបានបង្កើតឡើងដើម្បីបំពេញតួនាទីរបស់វាផ្ទាល់។

សម្រាប់ទិន្នន័យដែលបញ្ជូនពីទីអវកាសឆ្ងាយៗវិញ ក៏មានលក្ខណៈមិនសូវខុសគ្នាប៉ុន្មានដែរ ឧទាហរណ៍បើយើងចង់បានរូបភាពពីភពអង្គារ នោះយានដែលកំពុងចល័តនៅលើភពនោះ ដូចជា Mars Rover ជាដើមត្រូវថតរូប រួចបាញ់បញ្ជូនរលកសញ្ញា ឡើងទៅកាន់ផ្កាយរណប Marven ដែលកំពុងគោចរជុំវិញភពអង្គារ ហើយផ្កាយរណបមួយនេះ នឹងបាញ់ទិន្នន័យនោះ តាមរយៈរលកវិទ្យុសកម្ម មកកាន់ទិសដៅភពផែនដី បន្ទាប់មកទើបអង់តែនទទួលសញ្ញាលើផែនដីមានតួនាទីចាប់យករលកសញ្ញានោះ នឹងបំលែងទៅជាទិន្នន័យ (រូបភាព) ជាការស្រេច។

ចម្ងាយអវកាសកាន់តែងឆ្ងាយ ការបញ្ជូនទិន្នន័យក៏កាន់តែយឺតទៅតាមនោះដែរ ឧទាហរណ៍ បើយើងនិយាយពាក្យថា Hello! សួស្តី! មួយម៉ាត់ប៉ុណ្ណោះទៅកាន់ភពអង្គារ នោះរយៈពេលយ៉ាងហោចណាស់ ៣៥នាទី ក្រោយមកទើបពាក្យសម្តីទាំងនោះ បានទៅដល់ភពអង្គារ។ វាមានន័យក្តោបលើការចុចបញ្ជាយានពីផែនដីផងដែរ ដោយយើងចង់ចល័តយាន ឬបញ្ជាឲ្យវាថតរូបអ្វីមួយនោះ យើងត្រូវចំណាយពេលកន្លះម៉ោងក្រោយចុចប៊ូតុង ទើបយាននោះអាចដំណើរការតាមការបញ្ជាបាន។

២៖ ថាមពលដែលយាន និងផ្កាយរណបប្រើប្រាស់៖ ដោយសារតែបច្ចុប្បន្ន ក្រៅពីស្ថានីយអវកាសអន្តរជាតិ ISS នោះយើងគ្មានយានណាផ្សេង ដែលមានមនុស្សជិះ និងបញ្ជាលើនោះផ្ទាល់នោះឡើយ ដូច្នេះការបញ្ជាយានឆ្ងាយៗ ឬកែវយឺតអវកាស នៅក្នុងទីអវកាស ត្រូវតែបញ្ជាចេញពីភពផែនដីទៅ ដែលវាពិតណាស់ គឺមានន័យថា យើងត្រូវបញ្ជាដោយប្រព័ន្ធកុំព្យូទ័រលើដីហ្នឹងតែម្តង។

បងប្អូនមួយចំនួនប្រហែលជាឆ្ងល់ថា តើផ្កាយរណប យានរុករក និងកែវយឺតអវកាសនានា អាចចល័តក្នុងទីអវកាសបានដោយថាមពលអ្វីខ្លះនោះ? តាមពិតមានថាមពលច្រើនដែលវាត្រូវប្រើ ប៉ុន្តែថាមពលជាចម្បងដែលវាប្រើមិនចេះអស់នោះ គឺកម្លាំងម៉ាញេទិចនៃភពផែនដី ឬភពផ្សេងៗទៀតក្នុងប្រព័ន្ធព្រះអាទិត្យ និងព្យុះព្រះអាទិត្យ ដែលវាអាចយកមកប្រើប្រាស់បាន។

សម្រាប់ថាមពលកាច់ចង្កូត ឬផ្លាស់ប្តូរទិសនៃឧបករណ៍អវកាសទាំងនោះផ្ទាល់ មានការប្រើប្រាស់ថាមពលដូចជា ឥន្ធនៈហ្វូស៊ីល, នុយក្លេអ៊ែរ, និង ថាមពលកើតឡើងវិញ ដូចជាពន្លឺព្រះអាទិត្យផងដែរ។ សម្រាប់យានដែលកំពុងចល័តលើព្រះច័ន្ទ អាចម៍ផ្កាយ និងភពអង្គារ គឺវាប្រើប្រាស់ថាមពលពីពន្លឺព្រះអាទិត្យ និងឥន្ធនៈមួយចំនួនដូចគ្នា ដើម្បីកាច់ចង្កូត និងបំពេញមុខងារមួយចំនួន៕

You might also like More from author