យានអវកាស Juno ទើប​ផ្តិត​រូបភាព​ព្យុះ​ដ៏ចម្លែក នៅលើ​ផ្ទៃ​ភពព្រហស្បតិ៍

(អាមេរិក)៖ ព្យុះចម្លែកខ្លះៗនៅលើភពព្រហស្បតិ៍ (Jupiter) ពិតជាមានលក្ខណៈស្មុគស្មាញមែនទែន ហើយកាលពីខែមុន ព្យុះកួចដ៏ខ្មួរលខ្មាញ់នេះ ត្រូវយានអវកាស Juno របស់អង្គការ NASA ដែលបច្ចុប្បន្ន កំពុងធ្វើដំណើរគោចរជុំវិញភពដ៏ធំជាងគេបង្អស់ នៅក្នុងប្រព័ន្ធព្រះអាទិត្យមួយនេះ ថតយករូបភាពដ៏ល្អមួយបាន និងជាប់ជារូបល្អបំផុត នៃទីអវកាសកាលពីសប្តាហ៍មុនផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Space នៅរសៀលថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

រូបភាពដែលថតបានខាងលើនេះ គឺជារូបនៅក្នុងកម្រងរូបភាពប្រចាំសប្តាហ៍ពីទីអវកាស ដែលយើងធ្លាប់បានយកមកចុះផ្សាយ កាលពីជាងមួយសប្តាហ៍មុន។ រូបភាពនេះ លាតសន្ធឹងចម្ងាយប្រហែល ៣០,០០០គីឡូម៉ែត្រ ដែលជាហេតុធ្វើឲ្យប្រព័ន្ធព្យុះនេះមានភាពទូលំទូលាយប្រហាក់ប្រហែលនឹងភពផែនដី។ ព្យុះដ៏ចម្លែកទាំងនេះ នៅលើភពព្រហស្បតិ៍ ធ្វើចលានាវិលបញ្ចាស់ ជាមួយនិងទ្រនិចនាឡិកា។

គួរជម្រាបថា យានអវកាស Juno នឹងនៅបន្តធ្វើដំណើរជុំវិញ ក៏ដូចជាសិក្សាស្រាវជ្រាវលើ Jupiter សម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ខណៈវាបាននិងកំពុងព្យាយាមបន្តបញ្ជូនទិន្នន័យ ត្រឡប់មកកាន់ភពផែនដីវិញ ដើម្បីជួយមនុស្សលោកយើង បង្កើនការយល់ដឹងកាន់តែប្រសើរ អំពីភពឧស្ម័នយក្សមួយនេះ ព្រមទាំងកំណត់ថា តើភពព្រហស្បតិ៍ មានផ្ទៃដីរឹងនៅពីក្រោយដុំព្យុះពពកដ៏គួរឲ្យងឿងឆ្ងល់ដ៏ក្រាស់ៗទាំងនេះ ដែរឬយ៉ាងណា។

ក្រោយពីបញ្ចប់បេសកកម្មរួចរាល់ នៅជុំវិញភពព្រហស្បតិ៍ អង្គការ NASA អះអាងថា យាន Juno នឹងទម្លាក់ខ្លួនចូលក្នុងផ្ទៃភពព្រហស្បតិ៍ ប៉ុន្តែមិនមែនទម្លាក់កម្ទេចចោលទាំងស្រុង ដូចជាយាន Cassini នៅភពសៅរ៍នោះឡើយ គឺ Juno នឹងទម្លាក់ចូលភពព្រហស្បតិ៍ ដើម្បីធ្វើការសិក្សាក្នុងវិនាទីចុងក្រោយ ថាតើមានអ្វីនៅក្រោយពពកដ៏ក្រាស់ និងកញ្ជ្រោលរបស់ភពយក្សដ៏ខ្លាំងក្លាយមួយនោះ៕

You might also like More from author