ក្រុមតារាវិទូ បកស្រាយ​​បាតុភូត​បង្កើត​ផ្កាយ​​យ៉ាងរហ័ស នៅ​ក្នុង​កាឡាក់ស៊ី​ផ្សេង មានចម្ងាយ ១២.៧ពាន់ឆ្នាំពន្លឺ​ ពីផែនដី

(អាមេរិក)៖ លទ្ធផលនៃការអង្កេតស្រាវជ្រាវថ្មី បានឲ្យដឹងថា ចំណុចពន្លឺដ៏ភ្លឺចែងចាំងមួយ នៅក្នុងក្រុមផ្កាយមានឈ្មោះថា Dorado តាមពិតទៅគឺជា តំបន់ខុសប្លែកពីធម្មតាមួយ នៃការកកើតផ្កាយ។ វាត្រូវបានបង្កើតឡើងដោយ ការទង្គិចគ្នាជាដដែលៗ នៃកាឡាក់ស៊ីរាងគូទខ្យងចំនួន ០២ ដែលស្ថិតនៅសែនឆ្ងាយមែនទែន ដោយពន្លឺរបស់ពួកវាទាំងពីរ ធ្វើដំណើរមកពីដំណាក់កាលនៃចក្រវាឡទើបកកើតដំបូង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយវិទ្យាសាស្រ្ត-អវកាស Space.com នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។

តារាវិទូមកពីសាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក ដែលជាអ្នកដឹកនាំការតាមដាន និងសិក្សាខាងលើជាមួយក្រុមការងាររបស់លោក បានឃ្លាំមើលកាឡាក់ស៊ី Starburst ទាំងពីរ (កាឡាក់ស៊ី ដែលបង្កើតផ្កាយក្នុងកម្រិតយ៉ាងរហ័ស ខុសពីកាឡាក់ស៊ីធម្មតា) ធ្វើការប៉ះទង្គិចគ្នា តាមរយៈការប្រើប្រាស់មជ្ឈមណ្ឌលតេឡេស្កូស ALMA នៅភាគខាងជើងប្រទេសឈីលី។ កាឡាក់ស៊ីទាំង ២ នេះមានទម្រង់ស្រដៀងនឹង ទីជម្រករបស់ផែនដីដែរ គឺកាឡាក់ស៊ី Milky Way ដែលមានផ្ទុកតំបន់បង្កើតផ្កាយថ្មី (Nebula) ឈ្មោះ Eagle។

របកគំហើញនៃការសិក្សាថ្មីនេះ បានលើកឡើងថា «ពន្លឺចែងចាំងនៃកាឡាក់ស៊ី Starburst ទាំង ២ ពុំត្រឹមតែជាលទ្ធផលនៃការប៉ះទង្គិចគ្នារបស់ពួកវាឡើយ។ កាឡាក់ស៊ីរាងគូទខ្យងទាំង ២ នេះស្ថិតនៅចម្ងាយ ១២.៧ពាន់ឆ្នាំពន្លឺ ពីផែនដី ដែលត្រូវបានគេស្គាល់ជារួមថា ប្រព័ន្ធ ADFS-27 និងមានវត្ថុធាតុចាំបាច់ក្នុងការបង្កើតផ្កាយ សម្រាប់ប្រើប្រាស់ ច្រើនជាងកាឡាក់ស៊ី Milky Way របស់យើង»។ តាមពិត ADFS-27 មានឧស្ម័ន និងធូលីអវកាសដើម្បីបង្កើតផ្កាយ ច្រើនជាង Milky Way ដល់ទៅ ៥០ដងឯណោះ។

ក្រុមការងារខាងលើ បានឲ្យដឹងថា ពពួកកាឡាក់ស៊ី Starburst គឺជាប្រភេទកម្រខ្លាំងណាស់ ហើយពួកគេពិតជាភ្ញាក់ផ្អើល ដែលបានរកឃើញវត្តមាន នៃកាឡាក់ស៊ីដ៏ធំៗទាំង ២ នេះ ស្ថិតនៅជិតគ្នា។ ម៉្យាងវិញទៀតការសិក្សា និងតាមដានថ្មីនេះ ក៏ជាការក្រឡេកមើលទៅកាន់អតីតកាលផងដែរ។ ដោយហេតុតែកាឡាក់ស៊ី Starburst ទាំង ២ មានទីតាំងនៅយ៉ាងសែនឆ្ងាយ ក្រុមតារាវិទូតាមពិតកំពុងតែអង្កេតមើលពួកវា នៅអំឡុងពេលចក្រវាឡទើបមានវ័យ ១ពាន់លានឆ្នាំ ប៉ុណ្ណោះ៕

You might also like More from author