អង្គការ «NASA» កំពុងតែពិចារណា រើសយក បេសកកម្មអវកាស ១ ក្នុងចំណោម ២ នឹងចំណាយ ១ពាន់លានដុល្លារ!

(តិចសាស់)៖ ពិតជាការសម្រេចចិត្តដ៏លំបាកបំផុតមួយទៀតហើយ សម្រាប់អង្គការ NASA នាពេលនេះ គឺការបាញ់យាន-ដ្រូន ទៅព្រះច័ន្ទទីតាននៃភពសៅរ៍ ឬក៏បាញ់យានទៅខួងយកគំរូពីអាចម៍ផ្កាយរាងដូចសត្វទា ហើយអ្វីតែមួយគត់ដែលបង្ករឿងនេះឡើយ គឺថវិកាជាតិសម្រាប់ទ្រទ្រង់អង្គការអវកាសអាមេរិកមួយនេះ ដែលកាន់តែមានកម្រិតឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Space.com នារសៀលថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨។

សម្រាប់គំរោងធំៗទាំង ២ ខាងលើនេះ ត្រូវបានជ្រើសរើសចេញពីគំរោងព្រាងសរុបចំនួន ១២ ចុងក្រោយនៃកម្មវិធី New Frontiers របស់អង្គការ NASA ជាកម្មវិធីបង្កើតឡើង ដើម្បីឲ្យក្រុមអ្នកស្រាវជ្រាវ បញ្ចេញទស្សនៈ និងរៀបចំផែនការព្រាង សម្រាប់ទីភ្នាក់ងារអវកាសនេះ ធ្វើការពិនិត្យ និងវាយតម្លៃថា តើគំរោងមួយណាដែលសមស្រប និងមានអត្ថប្រយោជន៍ខ្ពស់ជាងគេ នឹងត្រូវលើកយកមកអភិវឌ្ឍន៍ជាផ្លូវការ?

សម្រាប់គំរោងធំៗទាំង ២ គឺត្រូវចម្រាញ់យកតែ ១ ប៉ុណ្ណោះ ដើម្បីធ្វើការអភិវឌ្ឍដោយវាត្រូវបានចាត់ទុកជាបេសកកម្មផលិត និងបាញ់បង្ហោះយានកម្រិតមធ្យម ដែលទទួលបានថវិកាឧបត្ថម្ភ ប្រមាណជា ១ពាន់លានដុល្លារអាមេរិក មិនខុសពីគំរោងផលិតយានអវកាស Juno ភពព្រហស្បតិ៍ និង New Horizons ទៅកាន់ភពភ្លុយតូចនោះឡើយ ដោយទាំងពីរគំរោងមុននេះ គឺចាត់ទុកថា ទទួលបានជោគជ័យយ៉ាងធំធេងទៅហើយ។

គួរបញ្ជាក់ថា ផែនការស្រាវជ្រាវបន្ថែមនៅព្រះច័ន្ទទីតាន (មិនមែនជានាវាមុជចូលសមុទ្រ Titan) និងផែនការផលិតយានទៅខួងយកគំរូអាចម៍ផ្កាយ នៅអំឡុងទសវត្សរ៍ឆ្នាំ២០២០ ខាងមុខនេះ គឺត្រូវបានប្រកាសតាំងពីចុងឆ្នាំ២០១៧ មកម្ល៉េះ ហើយមកទល់នឹងបច្ចុប្បន្ននេះ ក្រុមសិក្សាគំរោងទាំងពីរ កំពុងតែដុតដៃដុតជើង ដើម្បីអភិវឌ្ឍន៍គំនិត ព្រមបង្ហាញពីសារៈសំខាន់ នៃបេសកកម្មរៀងៗខ្លួន ជាពិសេសការគ្រប់គ្រងការចំណាយ ដើម្បីឲ្យគណៈកម្មការធ្វើការពិនិត្យ និងវិនិច្ឆ័យយក ១ ជាចុងក្រោយ។

បើតាមការចេញផ្សាយដោយ New York Times កាលពីទី២១ ខែធ្នូ ឆ្នាំ២០១៧ អង្គការ NASA ត្រូវជ្រើសយកបេសកកម្មតែមួយ ក្នុងការអភិវឌ្ឍក្នុងចំណោមជម្រើសបេសកកម្ម ដ៏សំខាន់ៗពីរបែបនេះ ដែលទី១ គឺការបញ្ជូនយន្តហោះដ្រូន ដើម្បីហោះហើរក្នុងបរិយាកាសដ៏ក្រាស់ នៃព្រះច័ន្ទ Titan របស់ភពសៅរ៍ ខណៈទី ២ គឺការបញ្ជូនយានចុះចតលើអាចម៍ផ្កាយ Comet 67P ដែលមានរាងដូចសត្វទាមួយក្បាល។

ដោយឡែកសម្រាប់បេសសកម្ម ផលិតយន្តហោះដ្រូន Dragonfly ដែលអាចតស៊ូនឹងបរិយាកាស ដែលខាប់ជាងផែនដី ៥០% និងស្ថិតនៅរាប់ពាន់លានគីឡូម៉ែត្រ នោះគឺព្រះច័ន្ទ Titan ដ៏ធំបំផុតនៃភពសៅរ៍ ពិតជាកាន់តែធំធេង និងរំភើបខ្លាំងទៅទៀត ប៉ុន្តែអត្ថន័យនៃការសិក្សាគឺស្រដៀងគ្នា ដោយសំដៅទៅលើការរុករកជីវិត និងប្រវត្តិនៃការកកើតប្រព័ន្ធព្រះអាទិត្យយើងនេះ។

បើសិនជាក្រុមការងាររបស់ NASA សម្រេចចិត្តរួចហើយថា នឹងរើសយកមួយណានោះពួកគេនឹងទទួលបានប្រាក់ឧបត្ថម្ភ ០៤លានដុល្លារ ភ្លាមៗតែម្តង ដើម្បីយកទៅសិក្សា និងបង្កើតជាគំរោងលើក្រដាសចេញមក ហើយចុងក្រោយនៅពាក់កណ្តាលឆ្នាំ២០១៩ NASA នឹងធ្វើការសម្រេចចិត្តជាថ្មីឡើងវិញថា តើបេសកកម្មពីរនេះ មួយណាគួរចាប់ផ្តើមអភិវឌ្ឍន៍មុន ហើយបេសសកម្មបាញ់បង្ហោះ អាចនឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំ២០២៥។

រឿងបែបនេះក៏ធ្លាប់បានកើតមានឡើងម្តងដែរ ដោយកាលពីសម័យ NASA ត្រូវបានឲ្យជ្រើសរើសធ្វើការសិក្សាអំពីការបញ្ជូនយាន Curiosity ទៅចុះចតលើភពអង្គារ និងយានអវកាស ទៅចុះលើ Europa ព្រះច័ន្ទភពព្រហស្បតិ៍នោះ គឺចុងក្រោយក្រុមការងារ NASA បានរើសយក Curiosity មកធ្វើការសិក្សា និងសម្រេចការងារមុន ដោយទទួលបានជោគជ័យ ប៉ុន្តែបេសកកម្មទៅ Europa ក៏ត្រូវបានធ្វើឲ្យយឺតយ៉ាវមកទល់ពេលនេះ៕

You might also like More from author