ភាពអន្តរាយ​​នៃ​ភពផែនដី! អង្គការ NASA បង្ហាញ​រូបភាព​​ដ៏​គួរ​ឲ្យ​​តក់ស្លុត នៃ​ការប្រែប្រួល​​ផែនដី ដែល​មិន​​អាច​​ត្រឡប់​ក្រោយ!​

(អាមេរិក)៖ ចាប់ពីការរីកចំរើនឧស្សាហកម្ម រហូតដល់ការរលាយទឹកកក នៅតំបន់ប៉ូលទាំងពីរ និងគ្រោះមហន្តរាយ ទឹកជំនន់ក៏ខ្លាំងក្លា បានស្តែងឲ្យឃើញថា ពិភពលោករបស់យើង កំពុងតែស្ថិតនៅក្នុងដំណាក់កាល នៃការប្រែប្រួល ជាបន្តបន្ទាប់ ឥតឈប់ឈរ។ បច្ចុប្បន្ននេះ ទីភ្នាក់ងារអវកាស NASA របស់សហរដ្ឋអាមេរិក បានបញ្ចេញរូបភាពដ៏គួរឲ្យតក់ស្លុតមួយចំនួន ដែលត្រូវបានថតយកពីលំហអាកាស នាំឲ្យយើងភ្ញាក់ខ្លួន ថាតើគ្រោះមហន្តរាយធម្មជាតិ, មនុស្សលោកយើងនេះ, កត្តាផ្សេងៗដទៃទៀត បានចូលរួមចំណែកធំធេងកម្រិតណា ក្នុងការផ្លាស់ប្តូរភពផែនដី ពីមួយខែទៅមួយខែ, ពីមួយឆ្នាំទៅមួយឆ្នាំ, ពីមួយទសវត្សរ៍ទៅមួយទសវត្សរ៍។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Daily Mail នៅមុននេះបន្តិច នារសៀលថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។

កម្រងរូបភាពខាងក្រោម ត្រូវបានហៅថា «Images of Change (រូបភាពនៃការផ្លាស់ប្តូរ)» ប្រៀបធៀបផែនដីតាមរយៈរូបភាពពីអតីតកាល និងរូបភាពនាពេលបច្ចុប្បន្ន ដើម្បីជួយយើងឲ្យ យល់ច្បាស់អំពីពិភពលោក, បង្កើនជីវភាពរស់នៅ, និងការពារក៏ដូចជាថែរក្សាធម្មជាតិ ដើម្បីអនាគត។

១៖ រូបភាពនេះបង្ហាញ ថាតើការអភិវឌ្ឍនៅទីក្រុងញូដេលី នៃប្រទេសឥណ្ឌាបានផ្លាស់ប្តូរផ្នែកមួយ នៃផ្ទៃផែនដី ដែលត្រូវបានប្រៀបធៀបគ្នា ពីចន្លោះឆ្នាំ១៩៩១ និងឆ្នាំ២០១៦ ហើយនៅក្នុងរយៈ ២៥ឆ្នាំ កន្លងទៅនេះរដ្ឋធានីញូដេលីបានឆ្លងកាត់ កំណើនដ៏ខ្លាំងក្លា នៃចំនួនប្រជាជនរស់នៅក្នុងទីក្រុង ខណៈវាបានកើនឡើងពី ៩.៤លាននាក់ រហូតដល់ទៅ ២៥លាននាក់។

២៖ រូបភាពនេះបង្ហាញពីការប្រែប្រួល នៃបឹងដ៏ធំឈ្មោះថា «Great Salt Lake» ដែលស្ថិតនៅរដ្ឋ Utah សហរដ្ឋអាមេរិកក្នុង រយៈពេល ២៥ឆ្នាំ។ កាលពីឆ្នាំ១៩៨៥ ផ្ទៃបឹងដ៏ល្បីល្បាញ នៅអាមេរិកមួយនេះ ពោរពេញទៅដោយទឹក ប៉ុន្តែ ២៥ឆ្នាំ ក្រោយមក ផ្នែកខាងកើតនៃបឹង ត្រូវបានបែងចែកដោយដីគោក។

៣៖ រូបភាពនេះបង្ហាញពីបម្រែបម្រួល យ៉ាងឆាប់រហ័ស នៃផ្ទាំងទឹកកកដ៏ធំល្វឹងល្វើយ នៃកោះហ្គ្រីនលែន ដែលស្ថិតនៅប៉ូលខាងជើងផែនដី ដោយចាប់ពីឆ្នាំ២០១៤ ទៅឆ្នាំ២០១៦ វាបានចាប់ផ្តើមរលាយនៅក្នុងល្បឿនយ៉ាងលឿន ជារៀងរាល់រដូវស្លឹកឈើជ្រុះ ឬមួយក៏ដើមរដូវក្តៅ ហើយកម្រិតនៃការរលាយផ្ទាំងទឹកកកនៅហ្រ្គីនលែន បានឈានដល់កម្រិតគួរឲ្យកត់សម្គាល់ កាលពីឆ្នាំ២០១៦។


៤៖ តំបន់ពណ៌បៃតងចាស់នៅក្នុងរូបភាពនេះ តំណាងឲ្យទេសភាពធម្មជាតិនៃតំបន់ព្រៃ Baban Rafi ដ៏ពិសេសមួយកន្លែង នៃប្រទេស Niger ដែលស្ថិតនៅទ្វីបអាហ្រ្វិក ជាប់ព្រំដែនភាគខាងជើង ប្រទេសនីហ្សេរីយ៉ា កាលពីឆ្នាំ១៩៧៦ ប៉ុន្តែមកដល់ឆ្នាំ២០០៧ តំបន់ទាំងនេះត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ដោយសារតែការកើនឡើងនៃចំនួនប្រជាជននៅក្នុងតំបន់នោះ។

៥៖ រូបភាពនេះបង្ហាញពីការប្រែប្រួល នៃកម្រិតលំហូរទឹក ចាប់ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ២០០៧ នៅក្នុងទន្លេ Colorado ដែលស្ថិតនៅភាគនិរតីសហរដ្ឋអាមេរិក និងភាគខាងជើងប្រទេសម៉ិកស៊ីកូ។

៦៖ រូបភាពនេះបង្ហាញពីការរលាយដុំទឹកកកយក្ស Helheim នៅក្នុងកោះហ្គ្រីនលែន ដែលបានរលំទៅបំណែកផ្ទាំងទឹកកកតូច និងធំចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៥។

៧៖ នាឆ្នាំ២០១៦ កន្លងទៅ ប្រទេសបូលីវីបានរកឃើញថា បឹងដែលមានទំហំធំជាងគេទីពីររបស់ខ្លួន ឈ្មោះថា «Lake Poop» បានរីងហួតហែងម្តងទៀត ដោយនៅក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ បឹងមួយនេះបានជួបប្រទះភាពរាំងស្ងួត ព្រមទាំងការបូមយកទឹក សម្រាប់ការជីកយករ៉ែ និងការធ្វើកសិកម្ម។

៨៖ រូបភាពចុងក្រោយនេះ របស់ NASA បង្ហាញពីការជន់លិចនៃទន្លេ Ganges ក្នុងប្រទេសឥណ្ឌា ដោយចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦ ការធ្លាក់ភ្លៀងខ្លាំង បានបង្កឲ្យមានការជន់លិច ដ៏អាក្រក់ នៅតាមដងទន្លេ Genges និងទន្លេដទៃៗផ្សេងទៀត នៅភាគខាងកើត និងភាគកណ្តាល នៃប្រទេសតំបន់អាស៊ីខាងត្បូងមួយនេះ ហើយបានសម្លាប់មនុស្សរាប់រយនាក់ និងធ្វើឲ្យប្រជាជន ៦លាននាក់ទៀត រងផលប៉ះពាល់។

ជាចុងបញ្ចប់ទីភ្នាក់ងារអវកាស NASA បានលើកឡើងដូច្នេះថា «ចំណេះដឹងទាំងអស់នេះ ស្តីអំពីផែនដី ដែលជាភពកំណើតរបស់ពួកយើង នឹងអនុញ្ញាតឲ្យអ្នកតំណាងរាស្រ្ត, ទីភ្នាក់ងាររដ្ឋាភិបាល, និងអ្នកចូលរួមពាក់ព័ន្ធទាំងអស់ ធ្វើការសម្រេចចិត្តនានា ប្រកបដោយព័ត៌មានគ្រប់ជ្រុងជ្រោយ ទៅលើបញ្ហាសំខាន់ៗ ដែលកើតមានឡើងជុំវិញពិភពលោក»

You might also like More from author