យានអវកាស New Horizons នឹងហោះ​ទៅទី​​ចុងបំផុត នៃ​ប្រព័ន្ធ​ព្រះអាទិត្យ បន្ទាប់ពី​​ចប់បេសកកម្ម​​នៅភពភ្លុយតូ!

(អាមេរិក)៖ រយៈពេលជិតពីរឆ្នាំក្រោយពីបានធ្វើការប្រមូលទិន្នន័យពីភពភ្លុយតូ យានអវកាស New Horizons របស់ទីភ្នាក់ងារអវកាស NASA កំពុងរៀបចំខ្លួនសម្រាប់ការធ្វើដំណើរផ្សងព្រេងដ៏ធំមួយបន្ទាប់ទៀតនៅតំបន់ចុងបំផុតដ៏ត្រជាក់នៃប្រព័ន្ធព្រះអាទិត្យរបស់យើង។ នេះបើតាមការដកស្រង់ការចេញផ្សាយដោយគេហទំព័រ Space នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។

បច្ចុប្បន្ននេះយានអវកាស New Horizons កំពុងធ្វើដំណើរឆ្ពោះសំដៅទៅរកវត្ថុដ៏ចំណាស់តូចមួយ ស្ថិតនៅចម្ងាយប្រមាណ១.៦ពាន់លានគីឡូម៉ែត្រហួសផុតពីភពភ្លុយតូ ក្នុងតំបន់ដាច់ស្រយាលដែលហ៊ុមព័ទ្ធប្រព័ន្ធព្រះអាទិត្យ និងសម្បូរទៅដោយដុំថ្មត្រជាក់ៗ (Kuiper Belt) ដែលពុំទាន់មានយានណាធ្លាប់បានទៅដល់នៅឡើយ ហើយគោលដៅថ្មីនេះត្រូវបានរកឃើញដោយកែវយឺតអវកាស Hubble កាលពីខែមិថុនា ឆ្នាំ២០១៤ និងត្រូវបានឲ្យឈ្មោះថា 2014 MU69 (វត្ថុអវកាស)។

គួរបញ្ជាក់ថា ភពភ្លុយតូក៏ជាវត្ថុមួយនៃខែ្សក្រវ៉ាត់ Kuiper ដែលស្ថិតនៅចុងប្រព័ន្ធព្រះអាទិត្យផងដែរ ហើយវាគឺជាប្រភេទភពបំរុងដែលធំជាងគេបង្អស់។ ចំណែកឯយានអវកាស New Horizons វិញបានក្លាយជាយានអវកាសដំបូងគេបង្អស់ដែលធ្លាប់ធ្វើដំណើរទៅកាន់ប្រព័ន្ធនៃភពភ្លុយតូ នៅពេលដែលវាបានហោះឆ្វែលកៀកនឹងភពដ៏តូចនេះ ក៏ដូចជាព្រះច័ន្ទទាំង០៥ របស់វាកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ដែលត្រូវបានចាត់ទុកជារបកគំហើញដ៏អស្ចារ្យបំផុត កាលពីអំឡុងពាក់កណ្តាលឆ្នាំ២០១៥៕

You might also like More from author