បំណែក​ដុំថ្ម​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ត្រូវ​គេ​រកឃើញ​ថា កើត​ឡើង​តាំង​ពី​រាប់លានឆ្នាំមុន!

(ទីក្រុងម៉ូស្គូ)៖ ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា អាកាសបាតុភូត ឬការធ្លាក់ចុះនៃអាចម៍ផ្កាយ ដែលបានផ្ទុះឡើងនៅលើទឹកដីនៃប្រទេសរុស្ស៊ី កាលប៉ុន្មានឆ្នាំមុន ប្រហែលជាបំណែកដុំថ្ម ដែលចេញពីអាស្ទេរ៉ូអ៉ីតមួយ និងបានប៉ះទង្គិចជាមួយនឹងវត្ថុ នៅក្នុងលំហអាកាសផ្សេងទៀត កាលពីរាប់លានឆ្នាំមុន។ នេះបើយោងតាមប្រភពព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយ នៅថ្ងៃច័ន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក Erik Galimov បណ្ឌិតសភាវិទ្យាសាស្រ្ត នៃប្រទេសរុស្ស៊ីបាននិយាយថា «វាត្រូវបានបង្កើតឡើង ដោយសារស្នាមប្រេះនៅក្នុងដុំថ្មអវកាស ឬអាស្ទេរ៉ូអ៉ីតមួយ កាលពី១០លានឆ្នាំមុន ដោយអាស្ទេរ៉ូអ៉ីតនោះ បានធ្វើការប៉ះ ទង្គិចជាមួយនឹងវត្ថុនៅក្នុងលំហអាកាស ដទៃទៀត!»

បំណែកនៃដុំថ្មនេះ បានចូលទៅក្នុងស្រទាប់បរិយាកាស និងបានធ្វើការផ្ទុះឡើង នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយវាបានធ្វើឲ្យអាគារមួយចំនួន នៅក្នុងប្រទេសរុស្ស៊ី ត្រូវបានរងការខូចខាតជាដំណំ ព្រមទាំងធ្វើឲ្យប្រជាជននៅក្នុងទីក្រុង Chelyabinsk ជាង ១៥០០នាក់ត្រូវរងរបួស។

លោក Galimov នៃវិទ្យាស្ថានពិនិត្យ នៃគីមីវិទ្យាបានប្រាប់ប្រភពព័ត៌មានរុស្ស៊ី RIA Novosti ថា «ការធ្លាក់ចុះនៃបំណែកដុំថ្មនេះ ត្រូវបានកើតឡើងដោយសារតែ ស្នាមប្រេះនៃអាស្ទេរ៉ូអ៉ីត មានសភាពប្រេះខ្លាំង ព្រមទាំងអាចបង្កើនកំលាំងរបស់វាខ្លាំងឡើងៗ!»៕

You might also like More from author