ទីបំផុត​​​យានអវកាស​​ផលិត​​ដោយ​ចិន «ឆាងអឺ-៤» ហោះ​ចូល​​គន្លង​​ជុំវិញ​ព្រះច័ន្ទ​ ដោយ​​ជោគជ័យ និង​ត្រៀម​ធ្វើការ​ចុះចត!

(ប៉េកាំង)៖ យានអវកាស ឆាងអឺ-៤ (Chang’e 4) បានចូលទៅដល់គន្លងគោចរដែលគ្រោងទុក នៅជុំវិញឋានព្រះច័ន្ទដោយជោគជ័យ និងកំពុងត្រៀមខ្លួនសម្រាប់ការព្យាយាមចុះចតជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៅលើតំបន់ចំហៀងម្ខាងទៀតរបស់ព្រះច័ន្ទ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨។

ទីភ្នាក់ងារអវកាសចិនហៅកាត់ CNSA បានឲ្យដឹងថា យានបានចូលទៅដល់ចំណុចនៃគន្លងព្រះច័ន្ទតាមការគ្រោងទុកក្នុងថ្ងៃអាទិត្យម្សិលមិញ ហើយ Change’e 4 នឹងចាប់ផ្តើមរៀបចំលក្ខណៈសម្រាប់ការចុះចត ជាលើកទីមួយនៅឯតំបន់អាថ៌កំបាំងដែលគេហៅថា «ចំហៀងងងឹត ឬចំហៀងឆ្ងាយរបស់ព្រះច័ន្ទ» ដែលមិនដែលធ្លាប់បែរមករកផែនដីយើងឡើយ។ យ៉ាងណាមិញ ទីក្រុងប៉េកាំងមិនទាន់បានបញ្ជាក់លម្អិតភ្លាមៗថា ការចុះចតនៃយានអវកាសរបស់ខ្លួន នឹងប្រព្រឹត្តទៅចំថ្ងៃណាឲ្យប្រាកដនៅឡើយទេ។

គួរជម្រាបថា ដោយសារបាតុភូតទំនាញ Tidal Locking បានធ្វើឲ្យផ្ទៃតែមួយចំហៀងប៉ុណ្ណោះរបស់ព្រះច័ន្ទ បែរមុខមករកផែនដីជារៀងរហូតនៅពេលដែលវាវិលគោចរនៅជុំវិញភពរបស់យើង។ ចំណែកផ្នែកមួយចំហៀងទៀតរបស់វា មិនធ្លាប់ត្រូវបានអ្នកវិទ្យាសាស្រ្តធ្វើការស្រាវជ្រាវនៅលើទីនោះផ្ទាល់ឡើយ ប៉ុន្តែធ្លាប់មានយានហោះកាត់ និងគូសផែនទីបានលម្អិតមួយចំនួន។ តាមពិតទៅ បើព្រះច័ន្ទមិនវិលជុំវិញខ្លួនឯងទេនោះ ផ្ទៃរបស់វានឹងមានឱកាសបង្ហាញខ្លួនឲ្យយើងឃើញពីផែនដី៕

You might also like More from author