NASA ជ្រើស​រើស​យក​ទី​តាំង​សំខាន់ៗបី នៅភពអង្គារ សម្រាប់ចុះចតយាន «Mars Rover» នាឆ្នាំ២០២០

(ណាសា)៖ កាលពីពេលថ្មីៗនេះ ភ្នាក់ងារអវកាសណាសា (NASA) បានជ្រើសរើសទីតាំងដ៏ល្អប្រសើរ ៣កន្លែង ដើម្បីចុះចតយាននៅលើភពអង្គារ សម្រាប់បេសកកម្ម រុករកភពអង្គារ របស់ Mars rover នា ឆ្នាំ២០២០ ដែលនៅក្នុងនោះរួមមាន បឹងបុរាណ, តំបន់ភ្នំភ្លើងក្តៅ និងតំបន់ជ្រលងក្តៅ។ នេះបើយោងតាមប្រភពព័ត៌មានវិទ្យាសាស្រ្ត Space ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

តាមរយៈសិក្សាស្រាវជ្រាវ និងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ នៅក្នុងកិច្ចប្រជុំនាថ្ងៃទី ០៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្រុង Monrovia រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ក្រុមអ្នកវិទ្យាសាស្រ្ត បានធ្វើការជ្រើសរើស ទីតាំងសំខាន់ៗបី សំរាប់ធ្វើការចុះយាន និងសិក្សាស្រាវជ្រាវលម្អិតបន្ថែម នៅលើភពអង្គារ ក្នុងចំណោមទីតាំង៨កន្លែង ដែលត្រូវបានជ្រើសរើស កាលពីឆ្នាំ២០១៥។

ជាក់ស្តែង ភ្នាក់ងារអវកាសណាសា បានចាប់ផ្តើមធ្វើការច្នៃ និងសាងសង់ផ្នែកចុងក្រោយ នៃយានរុករក Mars Rover ២០២០ កាលពីខែកក្កដា ឆ្នាំ២០១៦មកម៉្លេះ ដោយយានថ្មីនេះ ត្រូវបានចាត់ឲ្យចាប់សញ្ញា និងស្រាវជ្រាវអំពីជីវិត ដែលធ្លាប់មាននៅលើភពអង្គារ នាសម័យបុរាណ បន្ទាប់ពីវាត្រូវបានចុតចត នៅលើផ្ទៃដីរបស់ភពអង្គារជាស្ថាពរ នៅខែកុម្ភៈ ឆ្នាំ២០២១។

គួរបញ្ជាក់ដែរថា បេសកកម្មសិក្សាស្រាវជ្រាវ អំពីភពពអង្គារនៃ យានMars Rover 2020 យ៉ាងហោចណាស់ ក៏ត្រូវចំណាយពេលអស់២ឆ្នាំដែរ ដោយយាននឹងត្រូវបានបង្ហោះ ដោយគ្រាប់រ៉ុកកែត Atlas V ចេញពីស្ថានីយបង្ហោះយាន Cape Canaveral ក្នុងរដ្ឋហ្លរីដា សហរដ្ឋអាមេរិក នាខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ៕

You might also like More from author